(ឧត្តរមានជ័យ)៖ លោក គន់ គីម សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈពង្រឹងការងារខេត្តឧត្តរមានជ័យ បានថ្លែងថា ការរួមគ្នាគិត រួមគ្នាធ្វើ សាមគ្គីភាព ឯកភាព និងការចែករំលែក គឺជាចំណុចខ្លាំងរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងធ្វើឲ្យមានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋ។
ការបញ្ជាក់របស់លោក គន់ គីម បានធ្វើឡើងក្នុងកិច្ចសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាជាង១ពាន់នាក់នៅក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨នេះ។
លោក គន់ គីម បានថ្លែងព្រោះតែការរួមគ្នាយ៉ាងសស្រាក់សស្រាំរបស់សមាជិក សមាជិកាគ្រប់រូបតាំងពីថ្លាក់លើ រហូតដល់ថ្នាក់មូលដ្ឋាននេះហើយ បានធ្វើឲ្យគណបក្សប្រជាជនកម្ពុជា បានសាងគុណសម្បត្តិជាច្រើនសម្រាប់ជាតិ និងប្រជាជនកម្ពុជា។
«សមិទ្ធផលដែលយើងទទួលបានបច្ចុប្បន្ននេះអាស្រ័យដោយការរួមសហការគ្នារបស់ក្រុមការងារ និងគណបក្សឃុំ ក្នុងនាមក្រុមការងារថ្នាក់កណ្តាល។ ខ្ញុំសូមកោតសសើរការខិតខំរបស់បងប្អូនយើង ខ្ញុំសូមបញ្ជាក់ថា ការរួមគ្នាគិត រួមគ្នាធ្វើ ការសាមគ្គីឯកភាពគ្នា និងវប្បធម៌ចែករំលែក គឺជាប្រពៃណី និងជាចំណុចខ្លាំងរបស់គណបក្សយើង និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជននៅគ្រប់ទិសទីដែលគ្មានគណបក្សណាអាចប្រៀបផ្ទឹមបានឡើយ»។ លោក គន់ គីម បានគូសបញ្ជាក់។
សូមបញ្ជាក់ថា មកដល់ឆ្នាំ២០១៨នេះ គណបក្សប្រជាជនកម្ពុជាមានអាយុកាល ៦៧ឆ្នាំហើយ។ ចាប់តាំងពីថ្ងៃបដិសន្ធិមកគណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។
ក្នុងកាលៈទេសៈដែលប្រទេសជាតិត្រូវធ្លាក់ក្នុងគ្រោះមហន្ដរាយប្រល័យពូជសាសន៍ ដែលរបបកម្ពុជាប្រជាធិបតេយ្យបានបង្កឡើងចាប់ពីខែមេសា ឆ្នាំ១៩៧៥ គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានក្រោកឈរតស៊ូហើយបានប្រមូលផ្ដុំរាល់កម្លាំងស្នេហាជាតិ បង្កើតឡើងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីបំផុស និងដឹកនាំចលនាប្រជាជននៅទូទាំងប្រទេសវាយផ្ដូលរំលំរបបដ៏យង់ឃ្នងនេះ។
ក្នុងរយៈពេល ៣៩ឆ្នាំមកនេះ ក្នុងតួនាទីជាគណបក្សដឹកនាំប្រទេស គណបក្សប្រជាជនកម្ពុជាបានសម្រេចស្នាដៃធំៗ ជាប្រវត្តិសាស្ដ្រជូនជាតិជាច្រើន។ លោក គន់ គីម បានអំពាវនាវឲ្យសមាជិក សមាជិកា បន្តធ្វើសកម្មភាពចុះដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋពន្យល់ពីគុណតម្លៃ និងស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើចំពោះជាតិមាតុភូមិ។ ជាពិសេសភាពរីកចម្រើនរបស់ជាតិក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
លោក គន់ គីម ក៏បានណែនាំឲ្យមានការពន្យល់ទៅប្រជាពលរដ្ឋពីតម្លៃនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ហើយអំពាំវនាវឲ្យប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្នា៕