(បាត់ដំបង)៖ ម៉ូតូ២គ្រឿងត្រូវបានក្រុមចោរកាច់សោក លួចបានសម្រេចដោយសុវត្ថិភាពទាំងព្រឹក ខណៈម្ចាស់ម៉ូតូទុកចោលមិនបានផ្ញើគេ ហើយចូលទៅទិញម្ហូបក្នុងផ្សារ។ ហេតុការណ៍នេះបានកើតឡើង នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្សារតាលាស់ ភូមិចុងប្រឡាយ ឃុំតាលាស់ និងនៅចំនុចផ្សារកូនខ្លុង ភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា នៅស្រុកមោងឫស្សី ករណីលួចម៉ូតូ០២លើក(កាច់សោកម៉ូតូ)
ទី១៖នៅម៉ោងប្រមាណ៦៖៥០នាទី ថ្ងៃ១៣ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចផ្សារតាលាស់ ភូមិចុងប្រឡាយ ឃុំតាលាស់ ស្រុកមោងឫស្សី មានជនសង្ស័យមិនស្គាល់ អត្តសញ្ញាណ បានធ្វើសកម្មភាពលួចយកម៉ូតូ១គ្រឿងម៉ាក ហុងដាC១២៥ ពណ៌ខ្មៅ សេរី២០១៧ ពាក់ស្លាកលេខបាត់ដំបង ១AA-4344 ជារបស់ឈ្មោះ ជា នឹប ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិស្ទឹងថ្មី ឃុំតាលាស់ ខណៈពេលម្ចាស់ទុកម៉ូតូមិនផ្ញើគេ ចូលទិញម្ហូបក្នុងផ្សារ។
ទី២៖ នៅម៉ោងប្រមាណ ៧៖២០នាទីថ្ងៃ១៣ ខែកក្កដា ឆ្នាំ២០១៨ នៅចំនុចផ្សារកូនខ្លុង ភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានលួចយកម៉ូតូ១គ្រឿង ម៉ាកហុងដាC១២៥ពណ៌ខ្មៅ សេរី ២០១៦ពាក់ស្លាកលេខ បាត់ដំបង7686 ជារបស់ឈ្មោះ ជឿន សុផល ភេទស្រី អាយុ៤០ឆ្នាំ រស់នៅ ភូមិព្រៃដំរីឃុំព្រៃតូច ខណៈពេលម្ចាស់ទុកម៉ូតូមិនផ្ញើគេចូលផ្សារទិញម្ហូប។បច្ចុប្បន្ន ករណីទាំង២ខាងលើកម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់យកមកផ្តន្ទាទោសតាមច្បាប់៕