(ភ្នំពេញ)៖ សាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨នេះ បានសហការជាមួយ មន្ទីរពាណិជ្ជកម្ម រាជធានីភ្នំពេញ និងមន្រ្តីនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល នាំយករថយន្តពិសោធន៍ ចល័តកាំកុងត្រូល ចុះទៅពិនិត្យ ទំនិញនៅក្នុងផ្សារចំនួន៥ ក្នុងខណ្ឌច្បារអំពៅរួមមាន៖ ផ្សារច្បារអំពៅ ផ្សារត្រីច្បារអំពៅ ផ្សារព្រែកឯង ផ្សារចំពុះក្អែក និងផ្សារព្រែកប្រា ដោយបាននាំយកនឹងធ្វើការពិសោធន៍លើផលិតផលចំនួន៩៤គំរូ ទៅពិសោធន៍តែរកមិនឃើញសារជាតីគីមីឡើយ។

មន្រ្តីកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការ ចុះត្រួតពិនិត្យទំនិញ ដែលមានហានិភ័យខ្ពស់ ដូចជា៖ ស្លឹកគូឆាយ ម្ទេសប្លោក សណ្ដែកបណ្ដុះ ស្លឹកគ្រៃហាន់ ខ្ញីហាន់ លត សរសៃគុយទាវ នំបញ្ចុក ស្ពៃជ្រក់ ការ៉ុត ផ្សិតចំបើង ពោតបារាំង ត្រពាំងជ្រក់ ស្ករត្នោត គ្រឿងសមុទ្រស្រស់ មឹក បង្គារ ប្រហិត និងផ្លែឈើ។ ល ។ និងផលិតផលម្ហូបអាហារ ដែលវេចខ្ចប់ស្រាប់ ជាច្រើនប្រភេទ។ ជាលទ្ធផល គឺផលិតផលទាំង៩៤គំរូនេះ សុទ្ធតែមានអនុលោមភាព សុវត្ថិភាពទាំងអស់។

មន្រ្តីកាំកុងត្រូល កំពង់ផែអន្តរជាតិភ្នំពេញ បានបញ្ជាក់ថា ផលិតផលជាច្រើន ដែលបាននាំចូល គឺបានពិនិត្យអនុលោមភាព នឹងមានកាលបរិច្ឆេទប្រើប្រាស់ ទើបអនុញ្ញាតឲ្យធ្វើការនាំចូល ប៉ុន្តែផលិតផល ដែលយើងតែងរឹបអូស ជាច្រើនកន្លងមកនេះ មានទាំងផលិតផលក្នុងស្រុក នឹងនាំចូល ដែលចរាចរ នៅលើ ទីផ្សារហើយលក់មិនអស់ សល់យូរ បណ្តាលអោយខូចគុណភាព នឹងហួសកាល បរិច្ឆេទប្រើប្រាស់ ឬមិនអនុលោមតាមបទបញ្ញត្តិបច្ចេកទេសជាដើម..។ ល។

បើទោះបីជាលទ្ធផល នៃការពិសោធន៍ល្អក៏ដោយ មន្រ្តីកាំកុងត្រូលក៏នៅតែ ទទូចស្នើសុំទៅដល់ផលិតករ អាជីវករ អ្នកនាំចូលដែលខិលខូចមិនគោរពច្បាប់ សូមកុំគិតតែ អំពីផលចំណេញខ្លាំងពេក សូមប្រកបរបរដែលមានសុចរិតភាព នឹងមានគុណធម៌ សីលធម៌ក្នុងខ្លួនផង ព្រោះថាអំពើដែលពួកគាត់បានបង្ក នឹងជះផលត្រឡប់ទៅលើ ពួកគាត់ឬសាច់ញាត់របស់គាត់វិញនៅថ្ងៃណាមួយ ជាក់ជាមិនខាន។

ការពារសុខុមាលភាពប្រជាពលរដ្ឋ គឺជាភារកិច្ចចម្បងរបស់មន្ត្រីកាំកុងត្រូលយើង ប្រជា ពលរដ្ឋមានសុខភាពល្អ នឹងនាំ អោយកាត់បន្ថយភាពក្រីក្រក្នុងគ្រួសារ សង្គម ក៏ដូចជាបង្ក ឱកាស សម្រាប់ភាពសុខុដុម ក្នុងជីវិត៕