(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨នេះ បានទទួលជួបអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក តាកាហាស៊ី ហ្វូមីអាគី រួមជាមួយភ្នាក់ងារទូរទស្សន៍រដ្ឋរបស់ជប៉ុន NHK ដើម្បីសុំកិច្ចសហការពីរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការរៀបចំខួបលើកទី៦៥ នៃចំណងមិត្តភាព និងការទូតកម្ពុជា-ជប៉ុន ដែលគ្រោងធ្វើនៅរាជធានីភ្នំពេញនៅដើមខែធ្នូ ឆ្នាំ២០១៨នេះ។
លោក តាកាហាស៊ី ហ្វូមីអាគី បានជំរាបជូនពីគោលបំណង នៃការប្រារព្វខួបលើកទី៦៥ឆ្នាំ នៃចំណងមិត្តភាពកម្ពុជាជប៉ុននេះ ផ្តោតលើការពង្រឹងផ្នែកវប្បធម៌ កម្ពុជា-ជប៉ុន ពិសេសបញ្ជ្រាបការយល់ដឹងកាន់តែច្បាស់ថែមទៀត សំរាប់យុវវ័យកម្ពុជា-ជប៉ុន លើផ្នែកវប្បធម៌ក្រោមការរៀបចំពីភ្នាក់ងារពត៌មាន NHK ដែលជាទីភ្នាក់ងារផ្លូវការរបស់រដ្ឋ និងមានការផ្សព្វផ្សាយយ៉ាងទូលំទូលាយ ពីព្រឹត្តការណ៍នេះ ទៅកាន់ពិភពលោក តាមរយៈភាពយន្តតុក្កតា, ការបង្ហាញម៉ូត និងការប្រគុំតន្ត្រីលើខ្លឹមសារ គួឱ្យស្រឡាញ់ ដែលភាសាជប៉ុនហៅថា ខាវ៉ៃ។
លោក ឃួង ស្រេង បានស្វាគមន៍ និងគាំទ្រពេញទំហឹងលើការរៀបចំព្រឹត្តិការដ៏មានអត្ថន័យនេះ និងត្រៀមខ្លួនផ្តល់កិច្ចសហការជាមួយភាគីជប៉ុន ដើម្បីរៀបចំព្រឹត្តិការអោយទទួលបានជោគជ័យ។ ទន្ទឹមគ្នានេះ លោកអភិបាលក៏បានផ្តល់យោបល់ឲ្យភាគីជប៉ុន ធ្វើលិខិតផ្លូវការទៅក្រសួងការបរទេស និងក្រសួងមហាផ្ទៃ ក្នុងគោលបំណងសហការរៀបចំការងារនេះឲ្យមានប្រសិទ្ធភាព៕