(ព្រះវិហារ)៖ លោក មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ និងជាបេក្ខជនឈរឈ្មោះលំដាប់លេខរៀងទី១ របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រអាណត្តិទី៦នេះ បានថ្លែងថា បើគ្មានថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ទេ នោះប្រទេសកម្ពុជាយើងមិនមានការ
រីកចំរើនរហូតមកដល់សព្វថ្ងៃនេះឡើយ។
លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាប្រមាណ១,០០០នាក់ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ព្រមទាំងក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ស្រុក ជាច្រើនរូបទៀត។
លោកបានបន្តថា ក្នុងសម័យខ្មែរក្រហមហេដ្ឋារចនាសម្ព័ន្ធរបស់ជាតិ ត្រូវបានបំផ្លិចបំផ្លាញស្ទើរទាំងស្រុង ចំណែកប្រជាពលរដ្ឋយើងត្រូវបានគេធ្វើទារុណកម្មយ៉ាងព្រៃផ្សៃបង្អត់អាហារ ធ្វើការកាប់សម្លាប់យ៉ាងរង្គាល ពិសេសអ្នកចេះដឹងក្នុងជួរបញ្ញាវ័ន្ត និងមន្ត្រីរាជការជាដើម។ ដើម្បីធ្វើការស្រោចស្រង់ប្រទេសជាតិ និងប្រជាពលរដ្ឋឱ្យរួចផុតពីរបបប្រលយ័ពូជសាសន៍នេះ ថ្នាក់ដឹកនាំរបស់គណបក្សប្រជនកម្ពុជា បានលះបង់អាយុជីវិតធ្វើការតស៊ូរំដោះប្រទេសជាតិ រហូតទទួលបានជោគជយ័នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ករណីនេះលោកបានអំពាវនាវឱ្យបងប្អូន ប្រជាពលរដ្ឋ ត្រូវចងចាំ និងដឹងគុណជានិច្ចចំពោះថ្ងៃ៧មករា ដែលជាថ្ងៃកំណើតទី២របស់ យើងហើយបើគ្មានថ្ងៃ៧មករានេះទេ ប្រទេសយើងក៏មិនមានការអភិវឌ្ឍរីកចំរើនរហូតមកដល់សព្វថ្ងៃនេះទេ។
លោកបានបញ្ជាក់ទៀតថា ស្របជាមួយនឹងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ ជិតចូលមកដល់នោះ មានគណបក្សនយោបាយខ្លះបានធ្វើការរិះគន់ថ្ងៃ៧មករា ឆ្នាំ១៩៧៩ ទាំងខ្លួនឯង និងក្រុមគ្រួសារក៏បានរស់ដោយថ្ងៃទី៧មករានេះដែរ ដែលចំណុចនេះ លោក មាស សុភា បានផ្តាំផ្ញើរឱ្យសមាជិកបក្សគ្រប់រូបកុំជឿឱ្យសោះ ហើយលោកបានចាត់ទុកថា នេះជាករណីរមឹលគុណបំផុតមិនអាចលើកលែងឱ្យបានទេ។
ជាមួយគ្នានេះដែរលោក មាស សុភា បានគូសបញ្ជាក់ថា គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០១៨-២០២៣ គឺពង្រឹងសាមគ្គីជាតិទាំងមូល គោរពរដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម លើកស្ទួយរបបលិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ធានាការគោរពសិទ្ធមនុស្ស គោរពច្បាប់ និងយុត្តិធម៌សង្គម ការពារឯករាជ្យអធិបតេយ្យ បូរណភាពទឹកដីសន្តិភាព និងសន្តិសុខជាតិឱ្យបានរឹងមាំ។ លើសពីនេះទៀត មិនយកពន្ធលើដីកសិកម្មរបស់កសិករដែលបង្កបង្កើនផលជាលក្ខណៈគ្រួសារ តម្លើងប្រាក់ឈ្នួលរបស់កម្មករនិយោជិក តម្លើងប្រាក់បៀរវត្តន៍ជូនមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងពង្រីកការផ្គត់ផ្គង់អគ្គិសនីពីបណ្តាញជាតិ ឱ្យដល់គ្រប់ភូមិទាំងអស់នៅឆ្នាំ២០២០ និងបញ្ចុះថ្លៃអគ្គិសនីផងដែរ។
ចំណុចទាំងអស់នេះ និងចំណុចមួយចំនួនទៀត សូមបងប្អូនប្រជាពលរដ្ឋត្រូវមានការជឿជាក់លើគណបក្សប្រជាជនកម្ពុជា លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ លោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់រូបដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី២០។
សូមបញ្ជក់ថា បេក្ខជនឈរឈ្មោះបោះឆ្នោតគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ សម្រាប់អាណត្តិទី៦នេះមានទី១៖លោក មាស សុភា ទី២៖ លោក សួស យ៉ារ៉ា ទី៣៖ លោក ឡុង សុវណ្ណ ទី៤៖ លោក ណែម វា ទី៥៖ លោក ខូយ ឃុនហ៊ួរ ទី៦៖ យ៉ុង គឹមហ៊ាន និងទី៧៖ លោកស្រី ខូយ ប៊ុនថាន៕