(ភ្នំពេញ)៖ នៅសល់តែ១៦ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ នឹងឈានចូលមកដល់ហើយនោះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ការចូលរួមបញ្ចេញសំឡេងតាមរយៈការបោះឆ្នោត គឺបង្ហាញអំពីការយកចិត្តទុកដាក់ ក្នុងការប្រើប្រាស់សិទ្ធិសេរីភាព ដើម្បីជ្រើសតាំងមន្ដ្រីតំណាងរាស្ដ្រ តាមបែបលទ្ធិប្រជាធិបតេយ្យ។
តាមរយៈទំព័រ Facebook នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨នេះ អមជាមួយរូបថត១សន្លឹក ដែលថតក្នុងរង្វង់ឆ្នាំ២០០៥ ក្នុងពេលចុះជួបសួរសុខទុក្ខលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស សម្ដេចតេជោ ហ៊ុន សែន ក្រៅពីថ្លែងប្រាប់ជនរួមជាតិឲ្យត្រៀមខ្លួនទៅបោះឆ្នោតឲ្យបានគ្រប់គ្នាហើយនោះ សម្ដេចបានបញ្ជាក់យ៉ាងដូច្នេះថា «ការចូលរួមបញ្ចេញសម្លេងតាមរយៈការបោះឆ្នោត គឺបង្ហាញអំពីការយកចិត្តទុកដាក់ក្នុងការប្រើប្រាស់សិទ្ធិសេរីភាព ដើម្បីជ្រើសតាំងមន្រ្តីតំណាងរាស្រ្ត ដែលបងប្អូនពេញចិត្ត តាមលក្ខណៈប្រជាធិបតេយ្យដោយសេរី និងដោយគ្មានការបង្ខិតបង្ខំអ្វីឡើយ»។
បន្ថែមពីនេះ ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជាដ៏មានឥទ្ធិពល ក៏បានគូសបញ្ជាក់ផងដែរថា ការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ប្រជាពលរដ្ឋក្នុងការបោះឆ្នោតឲ្យ គណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចជោគវាសនាប្រទេសជាតិយើងទាំងមូល ហើយសម្ដេចប្តេជ្ញាយកដើមទ្រូងការពារប្រជាពលរដ្ឋ និងប្រទេសកម្ពុជាមិនឲ្យមានអ្វីមកបៀតបៀនបានឡើយ។
បើតាមសម្ដេចតេជោ ហ៊ុន សែន សូមបងប្អូនបោះឆ្នោតឲ្យ «គណបក្សប្រជាជនកម្ពុជា» លេខរៀងទី២០ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះទាំងអស់គ្នា!។
សូមរំលឹកថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ មានគណបក្សនយោបាយចំនួន២០គណបក្ស ដែលនឹងចូលរួមប្រកួតប្រជែងការបោះឆ្នោតដ៏ធំមួយនេះ៕