(រតនគិរី)៖ បន្លែ-ផ្លែឈើធម្មជាតិជាច្រើនប្រភេទ មានផ្កាល្ពៅ គល់ស្លឹកគ្រៃ ផ្កាននោងព្រៃ ស្លឹកបាស់ ត្រពាំង ល្ពៅ ខ្ទឹម ផ្ទី ក្រូចឆ្មា ក្រូចថ្លុង ល្ហុង ចេក ឪឡឹក ត្រយ៉ូងចេក ត្រសក់ រួមទាំងបន្លែ និងផ្លែឈើជាច្រើនមុខទៀតរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានប្រជាពលរដ្ឋដែលកំពុងរស់នៅក្រុងបានលុង និងតាមបណ្ដាស្រុកមួយចំនួនទៀតក្នុងខេត្តរតនគិរី និយមទិញយកមកបរិភោគ ព្រោះបន្លែ-ផ្លែឈើទាំងនោះគ្មានជាតិគីមី មិនធ្វើឱ្យប៉ះពាល់ដល់សុខភាព។
លោកស្រី រឿន សុផាត មានអាយុ៤៩ឆ្នាំ ជាពលរដ្ឋរស់នៅក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង បានប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី១៣ ខែកក្កដានេះថា ជារៀងរាល់ថ្ងៃ ជាពិសេសនៅក្នុងរដូវវស្សានេះ ដែលសម្បូរទៅដោយបន្លែ និងផ្លែឈើធម្មជាតិចម្រុះជាច្រើនមុខ ជាហេតុនាំឱ្យលោកស្រីនិយមចូលចិត្តទិញបន្លែ សាច់ និងផ្លែឈើ ពីជនជាតិដើមភាគតិច ដើម្បីយកទៅធ្វើម្ហូបបរិភោគ។
ស្ត្រីមេផ្ទះដែលនិយមដើរផ្សារទិញម្ហូបរូបនេះ បានបញ្ជាក់ថា មូលហេតុដែលលោកស្រីនិយមទិញ ទី១.ដោយសារទីតាំងលក់នៅជិតផ្ទះ ទី២.ដោយសារគាត់បានដឹងច្បាស់ថា បន្លែ-ផ្លែឈើរបស់ជនជាតិដើមភាគ គឺជារបស់ធម្មជាតិពិតៗ បរិភោគទៅជួយដល់សរីរាង្គ និងសុខភាព គ្មានជាតិគីមី មិនបង្កឱ្យប៉ះពាល់ដល់សុខភាព។
ចំណែកឯអាជីវករជនជាតិគ្រឹងម្នាក់ទៀត ឈ្មោះ ក្វែន រ៉ា មានអាយុ៤៧ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ជនជាតិដើមភាគតិចគ្រឹង ដែលបានយកបន្លែបង្ការមកលក់នៅក្នុងផ្សារជនជាតិ ដែលមានទីតាំងស្ថិតនៅក្នុងផ្សារបានលុង បានរៀបរាប់ឱ្យដឹងថា នៅក្នុងរដូវវស្សាធ្លាក់ភ្លៀងនេះ បន្លែបង្ការធម្មជាតិក៏កំពុងហុចផលឱ្យផងដែរ ដែលមានដុះឡើងនៅក្នុងព្រៃ ក៏ដូចជានៅតាមបណ្តាចម្ការក្នុងភូមិរបស់ពួកគាត់។
អាជីវករជនជាតិគ្រឹងលក់បន្លែធម្មជាតិរូបនេះ បានឱ្យដឹងទៀតថា នៅក្នុងរដូវវស្សានេះធ្វើឱ្យផ្ទៃដីមានអំណោយផល និងជីវជាតិ ធ្វើឱ្យបន្លែបង្ការ និងផ្លែឈើធម្មជាតិដាំដុះឡើងពេញព្រៃ ក៏ដូចជាតាមចម្ការ ដែលធ្វើឱ្យអាជីវករដទៃទៀតក៏បានប្រមូលផលបន្លែពីចម្ការយកមកលក់នៅក្នុងផ្សារជនជាតិនេះដែរ ទើបធ្វើឱ្យចំណូលរបស់ពួកគាត់ប្រសើរជាងមុន។
ដោយឡែក អាជីវករម្នាក់ទៀតជាជនជាតិខ្មែរឈ្មោះ ឡាក់ វាចារ អាយុ៣៧ឆ្នាំ ដែលប្រកបមុខរបរលក់ផ្លែឈើនៅក្នុងផ្សារបានលុង អស់រយៈពេលជាង១០ឆ្នាំមកហើយនោះ បានឱ្យដឹងថា នៅក្នុងរដូវវស្សានេះ ផ្លែឈើធម្មជាតិជាច្រើនប្រភេទកំពុងផ្តល់ផលយ៉ាងច្រើន ដូច្នេះធ្វើឱ្យផ្លែឈើនាំចូលពីប្រទេសវៀតណាមមានការធ្លាក់ចុះ ប៉ុន្តែក៏នៅមានផ្លែឈើមួយចំនួនផ្សេងទៀត ក៏នៅតែមានការនាំចូលនៅឡើយទេ។
អាជីវករលក់ផ្លែឈើរូបនេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ សូមបន្តការគាំទ្រនូវដំណាំបន្លែ-ផ្លែឈើធម្មជាតិឱ្យបានផុលផុសជាងបច្ចុប្បន្ននេះ ដើម្បីជាការលើកទឹកចិត្តដល់ម្ចាស់ចម្ការដំណាំផងដែរ ទន្ទឹមហ្នឹងនោះអាជីវកររូបនេះ ក៏បានសំណូមពរដល់ម្ចាស់ចំការដំណាំដទៃទៀតឱ្យបង្កើនការដុះនូវបន្លែបង្ការ និងផ្លែឈើធម្មជាតិឱ្យបានច្រើនបន្ថែមទៀត៕