(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃប្រទេសកម្ពុជា បានឧបត្ថម្ភថវិកា ចំនួន​១ម៉ឺន​ដុល្លារ ជូនដល់​អតីតតារាចម្រៀងលោក ចាន់ សម័យ ដោយបន្ទាប់បានជ្រាបដំណឹងថា អតីតតារាចម្រៀង ដែលធ្លាប់មានឈ្មោះបោះសម្លេង​កាលពី ១០ ឆ្នាំមុន​រូបនេះ បានធ្លាក់ខ្លួនឈឺរ៉ាំរ៉ៃ បៀមជំងឺរបេងឆ្អឹងជាប់ខ្លួន ព្រមទាំងកំពុងស្ថិតនៅក្នុងជីវភាពពិបាក រហូតដើរស្ទូចត្រី នៅតាមមាត់ទន្លេ ដើម្បីយកធ្វើជាម្ហូបអាហារ។ ជាមួយគ្នានេះ​ ម្ចាស់បុរី លោក ឡេង ណាវ៉ាត់ត្រា ក៏បានប្រកាសផ្ដល់ដីឡូត៍មួយកន្លែង ស្ថិតនៅផ្លូវជាតិលេខ៣ ដែលជាតំបន់នៅក្បែរប្រជុំជន ដើម្បីឲ្យអតីតតារាចម្រៀង លោក ចាន់ សម័យ បានសង់ផ្ទះ​ទុកស្នាក់អាស្រ័យ ឲ្យបានសមរម្យ។

ជាការកត់សម្គាល់ ក្រោយពេលបានដឹងថា ម្ចាស់បទ «មិនស្រឡាញ់អូនមិនបាន» លោក​ ចាន់ សម័យ ធ្លាក់ខ្លួនដុនដាប គ្មានសូម្បីជម្រកស្នាក់អាស្រ័យ គ្មានសម្លៀកបំពាក់ស្លៀកសមរម្យ គ្មានអាហារហូបចុកគ្រប់គ្រាន់ ខណៈលោកត្រូវរាប់រងបន្ទុកគ្រួសារ ចិញ្ចឹមកូនប្រុសស្រី៥ នាក់ ផ្គត់ផ្គង់ឲ្យរៀនសូត្រផង ផ្ដល់ឲ្យភរិយាផង ដោយលោកមិនអាចមានលទ្ធភាព និង​ពេលវេលា មើលថែព្យាបាល ទិញថ្នាំ សម្រាប់ព្យាបាលជំងឺរបស់ខ្លួន។ ដោយឃើញសភាពគួរឲ្យសង្វេគ និង​មានក្ដីអាណិតអាសូរផង នោះ អ្នកសិល្បៈ ជាច្រើន​បានខ្នះខ្នែង ផ្ដល់ជំនួយ ថវិកា និង​សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ជូនដល់ លោក ចាន់ សម័យ។ ​ទន្ទឹមនឹងមានសប្បុរសជន ក៏ដូចជាអនិកជនក្រៅស្រុកបរិច្ចាគនោះ ម្ចាស់បុរីរាប់រយល្វែង លោក ឡេង ណាវ៉ាត់ត្រា ក៏មានទឹកចិត្តផ្ដល់ជំនួយ ដោយផ្ដល់ដីមួយប្លង់ សម្រាប់សាងសង់គេហដ្ឋាន ដើម្បីឲ្យលោក ចាន់ សម័យ មានកន្លែងសម្រាប់ស្នាក់អាស្រ័យផ្ទាល់ខ្លួន ជាមួយក្រុមគ្រួសារ ក៏ដូចជា​កាត់បន្ថយភាពលំបាកខ្លះៗ។

យោងតាមការប្រកាសឲ្យដឹងជាសាធារណៈ និងការប្រកាសរបស់លោក អ៊ឹម ជីវ៉ា បានអះអាងថា លោកចាន់ សម័យ ដែលស្ថិតក្នុងសភាពទ័លខ្លាំង បានទទួលនូវការជ្រោមជ្រែង​ ពីសប្បុរសជនច្រើនឡើង បន្ទាប់ពីលោកចេញមុខផ្សព្វផ្សាយ និងប្រកាសអំពាវនាវ។ អ្វីដែលធ្វើឲ្យលោក ចាន់ សម័យ កាន់តែរំភើប និង​សប្បាយចិត្តបំផុត គឺនៅពេលលោក ចាន់ សម័យ ដឹងថា ខ្លួនត្រូវបានឧបត្ថម្ភថវិកាចំនួន១ម៉ឺនដុល្លារ ​ពីសម្ដេចតេជោ ហ៊ុន សែន។ ជាមួយគ្នានេះ លោកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏ប្រកាសផ្ដល់ដីមួយកន្លែង ដើម្បីឲ្យអតីតារាចម្រៀង លោក​​ ចាន់ សម័យ មានដីផ្ទាល់ខ្លួនសង់ផ្ទះនៅទៀតផង។

លោកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលត្រូវមហាជនផ្ដល់រហស្សនាមថា ជាឧកញ៉ាចិត្តធម៌ បានអះអាងថា លោកពិតជាសម្រេចចិត្តផ្ដល់ឲ្យលោក ចាន់ សម័យ នូវដីមួយប្លង់ស្ថិតនៅផ្លូវជាតិលេខ៣ ដែលជាតំបន់នៅក្បែរប្រជុំជន ដើម្បីឲ្យអតីតតារាចចម្រៀង លោក ចាន់ សម័យ បានសង់ផ្ទះនៅពិតមែន ពោលគឺបន្ទាប់ពីបានដឹងថា សម្ដេចតេជោ ផ្ដល់ឲ្យ១ម៉ឺនដុល្លារ ដើម្បីឲ្យអតីតតារាចម្រៀងរូបនេះ មានដីសង់ផ្ទះ កុំឲ្យពិបាករកដី ដើម្បីសង់ផ្ទះនៅក្រោយពេលដែលត្រូវបានសម្ដេចឧបត្ថម្ភរួច។

ម្ចាស់បុរី លោក ឡេង ណាវ៉ាត់ត្រា បានបន្តទៀតថា ដីដែលលោកបានឲ្យនោះ គឺជាដីស្ថិតក្នុងតំបន់ដែលមានពលរដ្ឋរស់នៅ អាចរស់នៅបាន ហើយបើទោះជានៅជាយក្រុងបន្តិចមែន ប៉ុន្តែអាចរស់នៅបានយ៉ាងស្រួល មិនមែនជាកន្លែងស្ងប់ស្ងាត់ នោះទេ។ លោកមិនទាន់បញ្ជាក់ថា ដីដែលឲ្យលោក ចាន់ សម័យ នឹងមានទំហំប៉ុន្មានឲ្យច្បាស់លាស់នៅឡើយ នោះទេ ដោយគ្រាន់តែបានបង្ហើបផ្ដល់ឲ្យក្នុងទំហំ ដែលអាចឲ្យលោក ចាន់ សម័យ សង់ផ្ទះបានសមរម្យសម្រាប់ជីវិត។ ជាចុងក្រោយ លោក បានបន្ថែមទៀតថា ដីនោះបើទោះជាចាន់ សម័យ មិនសង់ផ្ទះនៅ ហើយចង់លក់ចោល ក៏លោកប្រគល់ឲ្យដែរ ដោយលោកប្រកាសថា ទោះចាន់ សម័យ គម្រោងយកធ្វើអីក៏ធ្វើទៅ។

យ៉ាងណាមិញ យោងតាមការផ្សាយផ្ទាល់ ពីសប្បុរសជនដែលបានទៅជួប លោក ចាន់ សម័យ ដោយផ្ទាល់ គឺលោកនឹងសម្រេចចិត្តទទួលយកដីរបស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា ដោយលោក ចាន់ សម័យ បានបញ្ជាក់ថា នឹងសម្រេចចិត្តទៅសង់ផ្ទះ​នៅលើដីដែលប្រគល់ឲ្យនោះ ក្នុងពេលដែលលោកចង់បានផ្ទះសម្បែង ផ្ទាល់​ខ្លួនបំផុត ក្រោយពេលធ្លាក់ខ្លួន​លំបាក៕