(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជាបានប្រកាសដាក់ចេញគោលនយោបាយយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរបស់កម្មករ កម្មការិនី ក៏ដូចជាបុគ្គលិកក្រុមហ៊ុនឯកជននានា ដោយបន្តជំរុញឲ្យមានការដំឡើងប្រាក់ឈ្នួលឲ្យបានខ្ពស់ និងកំណត់ឲ្យការបើកប្រាក់ឈ្នួលនេះធ្វើឡើងរយៈពេលពីរសប្តាហ៍ម្តង ប្រសិនបើខ្លួនឈ្នះឆ្នោតបន្តដឹកនាំរាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី៦នេះ។
នៅក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សជនកម្ពុជា បានគូសបញ្ជាក់ថា គោលនយោបាយនេះ គឺមានទិសដៅលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋខ្មែរឲ្យកាន់តែល្អប្រសើរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដោយមានខ្ញុំព្រះករុណា ខ្ញុំនាយក រដ្ឋមន្ត្រី នឹងជំរុញកែលម្អថែមទៀតនូវការបើកប្រាក់ឈ្នួលការងារប្រចាំជូនកម្មករ-និយោជិត ដោយរៀបចំឲ្យបើកក្នុងរយៈពេល២សប្តាហ៍ម្តង ដូចនៅបណ្តាប្រទេសជឿនលឿនមួយចំនួននៅក្នុងតំបន់ចាប់ពីឆ្នាំ២០១៩ទៅ ដើម្បីធានាឲ្យកម្មករ-និយោជិតយើងទាំងអស់គ្នា ទទួលបាននូវប្រាក់ឈ្នួលពលកម្មដែលនឹងត្រូវបន្តបង្កើនឡើងជាបន្តបន្ទាប់ក្នុងកម្រិតសមរម្យផង ហើយបើកប្រាក់ឈ្នួលពលកម្មនេះបានជាប្រចាំ ដោយទៀងទាត់ និងទាន់ពេលសម្រាប់បម្រើសេចក្តីត្រូវការក្នុងការផ្គត់ផ្គង់ជីវភាពរបស់ខ្លួនផង»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញការជឿជាក់ថា វិស័យឯកជនទាំងអស់នឹងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការអនុវត្តន៍នូវគោលនយោបាយមួយនេះ។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះកម្មករ កម្មការិនីក្នុងវិស័យវេយណភណ្ឌកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ដែលមានចំនួនជាង ៧៣ម៉ឺននាក់នោះ កំពុងទទួលបានប្រាក់ឈ្នួលទៀបបំផុត១៧០ដុល្លារ បូកជាមួយប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ក្នុងមួយខែពួកគេអាចទទួលបានប្រាក់ឈ្នួលរហូតដល់ទៅជាង ២០០ដុល្លារ។
តាមរយៈប្រាក់ឈ្នួលនេះបានធ្វើឲ្យការរស់នៅរបស់កម្មករ កម្មការិនីកាន់តែប្រសើរ ហើយអ្នកខ្លះទៀតបានជួយធ្វើឲ្យជីវភាពរបស់ក្រុមគ្រួសារ បានល្អប្រសើរផងដែរ៕