(ត្បូងឃ្មុំ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨នេះ បានជួបសំណេះសំណាល ជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ខណៈដែលយុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតំាងតំណាង រាស្រ្តនីតិកាលទី៦ បានឈានចូលដល់ថ្ងៃទី៧ហើយ។
សម្ដេច ហេង សំរិន បានដាស់តឿនដល់មន្រ្តីនៅមូលដ្ឋាន ត្រូវលើកកម្ពស់មនសិការស្នេហាជាតិខ្ពស់ គោរពស្រឡាញ់ប្រជាជន ដោយមិនរើសអើង និងបម្រើប្រជាជនដោយស្មោះត្រង់ឥតលក្ខខណ្ឌ ត្រូវពង្រឹងនូវសាមគ្គីភាពផ្ទៃក្នុងបក្ស បន្តសកម្មភាពចិញ្ចឹមចលនាចុះជួយមូលដ្ឋានឲ្យបានខ្លាំងក្លា ខិតខំពង្រឹងគុណភាព និងពង្រីកបរិមាណសមាជិកបក្សតាមគោលការណ៍ «រក្សាចាស់ បង្កើតថ្មី និងសមាជិកមួយរូប សន្លឹកឆ្នោតគំាទ្រគណបក្សមួយសំឡេង» ជាពិសេសត្រូវជួយជំរុញលើកទឹកចិត្តឲ្យប្រជាជនទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។
បន្ថែមពីនេះ សម្ដេចប្រធានកិត្តិយសគណបក្សកាន់អំណាច សម្តេចពញាចក្រី បានជំរុញមន្ត្រីគណបក្សឲ្យផ្លាស់ប្តូរឥរិយាបទ របស់ខ្លួនលុបបំបាត់ភាពក្រអឺតក្រទម ភាពជានាម៉ឺននិយម ទៅជាមន្ត្រីអ្នកបម្រើប្រជាពលរដ្ឋ ដោយសាមញ្ញដាក់ខ្លួនឲ្យទាបជាមួយប្រជាពលរដ្ឋ អ្វីដែលប៉ះទង្គិចផលប្រយោជន៍របស់ ប្រជាពលរដ្ឋត្រូវជៀសវាងជាដាច់ខាត និងត្រូវបំពេញតម្រូវការជូនប្រជាជន តាមរយៈការផ្តល់សេវាសាធារណៈផ្សេងៗ ដែលជាសេវាតម្រូវការ និងខិតខំបំពេញបន្ថែមនូវ សេវាសំណូមពររបស់ ពួកគាត់ត្រូវរួមគ្នាខិតខំអនុវត្តឲ្យបានល្អ។
សម្តេចបានសង្កត់ធ្ងន់ថា ការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងទំាងខាងទស្សនៈ គោលជំហរ និងសកម្មភាពដោយឈរលើរាល់គោលការណ៍ គោលនយោបាយរបស់គណបក្ស គឺជាជ័យជម្នះដ៏ត្រចះត្រចង់មួយ។ សម្តេចសង្ឃឹម ជឿជាក់យ៉ាងមុតមាំថា មន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់ នឹងខិតខំសហការ គ្នាអនុវត្តការងារដោយស្មារតីទទួលខុសត្រូវ សាមគ្គីភាពជាធ្លុងមួយ ក្នុងទិសដៅចម្បង គឺ «ដើម្បីនាំជ័យជម្នះ ជូនគណបក្ស»៕