លោក អូស្មាន ហាស្សាន់៖ យុទ្ធនាការឃោសនារកសំឡេងឆ្នោតទាំង១១០កន្លែង និង២៥រាជធានីខេត្ត របស់គណៈចលនាសាសនិកឥស្លាម បានបន្តដល់ស្រុកចំការលើ
13-07-2018 10:53
(កំពង់ចាម)៖ យុទ្ធនាការសំណេះសំណាល និងឃោសនារកសំឡេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា របស់គណៈចលនាសាសនិកឥស្លាមទាំង១១០កន្លែង ទូទាំងប្រទេស ដឹកនាំដោយលោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាសាសនិកឥស្លាម នៅល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ បានចុះជួបសកម្មជន និងអ្នកគាំទ្រជាច្រើនកុះករ នៅឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម ត្រង់ចំណុចភូមិស្ពឺ «ក»។
ថ្លែងទៅកាន់ថ្នាក់ដឹកនាំឥស្លាម សកម្មជន និងតំណាងសមាជិកគណបក្សនៅឃុំជយោ បន្ទាប់ពីបានផ្សព្វផ្សាយគោលនយោបាយសំខាន់ៗទាំ១១ចំណុច របស់គណបក្សសម្រាប់អាណត្តិទី៦នេះ លោក អូស្មាន ហាស្សាន់ បានសង្កត់ធ្ងន់ទៅលើចំណុចដែល គណបក្សប្រជាជនកម្ពុជា ប្ដេជ្ញាការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព និងសន្តិសុខរបស់ជាតិឲ្យរឹងមាំ ស្ថិតស្ថេរគង់វង្ស។
លោក អូស្មាន ហាស្សាន់ បានបន្តថា ដើម្បីបានបន្តរួមរស់ក្រោមម្លប់សន្តិភាព ការអភិវឌ្ឍ គ្រប់វិស័យ និងទទួលបាននូវការផ្តល់សិទ្ធិសេរីភាព ក្នុងការប្រតិបត្តិតាមប្រពៃណីសាសនា សូមបងប្អូនបន្តបោះឆ្នោតជូបគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នា៕