(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អនុប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខណ្ឌច្បារអំពៅ បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ អាណត្ដិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដើម្បីសុខសន្ដិភាព និងការអភិវឌ្ឍន៍ ។
លោកថ្លែងបែបនេះ ក្នុងពិធីជួបជុំសមាជិក សមាជិកាបក្សប្រគុំតន្ដ្រី នៅចំណតរថយន្តក្រុងវាលស្បូវ ស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមានការចូលពីប្រធានក្រុមការងារ ចុះជួយខណ្ឌច្បារអំពៅលោកស្រី ឡោក ខេង និងមានការអញ្ជើញចូលរួមពីបងប្អូនប្រជាពលរដ្ឋ ជាច្រើននាក់ផងដែរ។
លោក ចេង មុនីរ៉ា បានថ្លែងទៀតថា សមាជិកបក្ស និងប្រជាពលរដ្ឋយើងទាំងអស់ត្រូវរួបរួមសាមគ្គីគ្នា រក្សាឲ្យបាននូវសន្តិភាព ស្ថិរភាពនយោបាយ ជាពិសេសគឺមិនត្រូវស្តាប់ ឬជឿពាក្យញុះញុងរបស់ ជនអគតិមួយចំនួន ដែលកំពុងឃោសនា មិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ព្រោះការឃោសនាបែបនេះជាទង្វើផ្ទុយនឹងច្បាប់។
ទន្ទឹមនឹងនោះ អនុប្រធានបក្សខណ្ឌ ចុះជួយក៏បានពន្យល់ពីកម្មវិធីនយោបាយ សម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០១៨-២០២៣ របស់គណបក្សប្រជាជនកម្ពុជា ដែលជាត្រីវិស័យសម្រាប់តម្រង់ទិសសកម្មភាព របស់គណបក្ស ក្នុងការបន្តបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន រយៈពេល៥ឆ្នាំទៅមុខ ជូនចំពោះប្រជាជនដោយផ្ទាល់ ដើម្បីរកយុទ្ធសាស្ដ្រ ក្នុងការរក្សាសន្ដិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិកាន់តែប្រសើរ ពិសេសបង្កើតឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋ តាមរយៈការស្វែងរកដៃគូវិនិយោគិនពីក្រៅស្រុក ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច ឲ្យសម្រេចបានកំណើនក្នុងរង្វង់៧% ក្នុងមួយឆ្នាំ ប្រកបដោយចីរភាព ពិសេសបន្ដជំរុញដំឡើងប្រាក់ឈ្មួល និងលើកកម្ពស់លក្ខខណ្ឌការងាររបស់កម្មករ និងនិយោជិក៕