(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានបន្តដឹកនាំលោក មូល វីរៈ ចៅសង្កាត់ប្ញស្សីកែវ ព្រមទាំងមន្ត្រីរាជការ បុគ្គលិក សាលាខណ្ឌ និងមេភូមិផងដែរ ដើម្បីចុះសំណេះសំណាលសួរសុខទុក្ខ និងទទួលយកសំណូមពរ ក្នុងការដោះស្រាយបញ្ហាសិក្សាពីទីតាំងដាក់បង្គោលភ្លើងសូឡាជាបណ្ដើរៗ សម្រាប់បំភ្លឺតាមដងផ្លូវសាធារណៈ, បញ្ហាស្ដារប្រព័ន្ធលូ ដែលបង្កឲ្យជន់លិចពេលមានភ្លៀងធ្លាក់ម្ដងៗ និងផ្សព្វផ្សាយអំពីពត៌មាននៃការចុះវាស់វែង ដើម្បីបំបែកប្លង់កម្មសិទ្ធិផ្ទះល្វែង ចេញពីបុរីមួយកន្លែង «នៅខាងក្នុង និងក្បែរផ្សារសាមគ្គី» ជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ ខណ្ឌឬស្សីកែវ នាថ្ងៃព្រហស្បតិ៍ ១៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨។
លោក ជា ពិសី បានថ្លែងថា ចំពោះប្រជាពលរដ្ឋដែលមានក្ដីកង្វល់ទាំងបញ្ហាកកស្ទះប្រព័ន្ធលូ និងបញ្ហាអសន្តិសុខ ឬជួបរាល់ហានិភ័យផ្សេងៗ សូមរាយការណ៍ជាបន្ទាន់មកកាន់អាជ្ញាធរភូមិ-សង្កាត់-ខណ្ឌ ដើម្បីមានវិធានការរកដំណោះស្រាយជូនភ្លាមៗ ឲ្យទាន់ពេលវេលា និងទាន់សភាពការណ៍ នេះជាការដឹកនាំចង្អុលបង្ហាញពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានធ្វើឲ្យប្រទេសជាតិ ទទួលបាននូវសុខសន្តិភាពពេញលេញបរិបូរ និងមានការអភិវឌ្ឍន៍ឥតឈប់ឈរលើគ្រប់វិស្ស័យ ដូចសព្វថ្ងៃនេះ។
លើសពីនេះ លោក ជា ពិសី បានជម្រុញឲ្យអាជ្ញាធរសង្កាត់-ភូមិ ជាមួយមន្ត្រីពាក់ព័ន្ធ ត្រូវតែខិតខំប្រឹងប្រែង ទាំងកម្លាំងកាយប្រាជ្ញាស្មារតី ក្នុងការចូលរួមដោះស្រាយរាល់បញ្ហាផ្សេងៗ ពិសេសបញ្ហាសេវាតម្រូវការ ក៏ដូចជា សេវាសំណូមពរ លើផ្នែកហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីបម្រើជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានដោយគ្មានលក្ខខណ្ឌ ស្របតាមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដោយបានដាក់ចេញថា «ធ្វើឲ្យបាន ធ្វើឲ្យលឿន ធ្វើឲ្យមានតម្លាភាព»៕