(កំពង់ចាម)៖ សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ចាម បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨នេះ កម្មការិនី នៅរោងចក្រដេរស្បែកជើង ជូហួយ ស្ថិតក្នុងភូមិអំពិល ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានបន្ដដួលសន្លប់ចំនួន១០នាក់បន្ថែមទៀត ដោយក្នុងនោះក៏មានការស្ដ្រីមានផ្ទៃពោះផងដែរ។
យ៉ាងណាមិញ សម្រាប់ដើមចងដែលបណ្ដាលឲ្យកម្មការិនី បន្ដជួលសន្លប់នៅព្រឹកនេះបន្ថែមទៀត មិនទាន់អាចកំណត់បាននៅឡើយទេ ព្រោះសមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ខណៈអ្នកជួលសន្លប់សរុបមានចំនួន៥៦នាក់។
កាលពីរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ កម្មករ-កម្មការិនី នៃរោងចក្រមួយនេះ ចំនួន៤៦នាក់ ក៏បានដួលសន្លប់ ហើយក្នុងនោះមានស្ត្រីមានផ្ទៃពោះ ចំនួន៥នាក់ផងដែរ។
លោកអភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានបញ្ជាក់ថា មូលហេតុមិនទាន់ដឹងនៅឡើយទេ ដោយពេលនេះ លោកបានចាត់ឲ្យអាជ្ញាធរ កងកម្លាំងសមត្ថកិច្ច មន្ទីរសុខាភិបាល មន្ទីរការងារ និងមន្ទីរបរិស្ថាន ចុះទៅធ្វើការស្រាវជ្រាដើម្បីវាយតម្លៃ ទៅលើមូលហេតុដែលនាំឲ្យមានការដួលសន្លប់នោះ៕