(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋទូគី លោកស្រី អៃដា អ៊ុនលូ (Ayda Unlu) ក្នុងជំនួបសម្តែងការគួរសមជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ បានបញ្ជាក់ថា ក្នុងនាមឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋតួកគី មានបំណងចងសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឲ្យប្រទេសទាំង២ កម្ពុជា-តួកគី កាន់តែមានទំនាក់ទំនងគ្នា កាន់តែល្អប្រសើរឡើងជាពិសេសលើវិស័យទេសចរណ៍ និងវិនិយោគទុន។
លោកស្រី អៃដា អ៊ុនលូ បានលើកឡើងថា ខណៈដែលលោកស្រីមកដល់រាជធានីភ្នំពេញភ្លាម លោកស្រីពិតជារីករាយណាស់ ដោយឃើញរាជធានីភ្នំពេញ មានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ ហើយអ្វីដែលល្អប្រសើរ និងចាប់អារម្មណ៍ថែមទៀតនោះ គឺប្រជាពលរដ្ឋកម្ពុជាមានភាពរស់រាយរាក់ទាក់។
លោកស្រីឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា បានបញ្ជាក់ថា «ទីក្រុងភ្នំពេញពិតជាមានការរីកចំរើនលឿនមែនទែន ហើយទីក្រុងភ្នំពេញ គឺបានរៀបចំហេដ្ឋារចនាសម្ព័ន្ធបានល្អ ហើយទីក្រុងភ្នំពេញ ក៏ធ្លាប់បានជាប់សំណាត់ថ្នាក់ជាទីក្រុងស្អាត ក្នុងតំបន់អាស៊ីផងដែរ»។
លោកស្រីថា អ្វីៗដែលល្អៗទាំងនេះ លោកស្រីនឹងយកទៅជម្រាបដល់ថ្នាក់ដឹកនាំរបស់ប្រទេសតួកគី ដើម្បីសុំចងជាសម្ព័ន្ធមេត្រីភាពជាមួយគ្នា ដោយហេតុថា ទំនាក់ទំនាក់ប្រជាជន និងប្រជាជន ជាមួយនិងការចងសម្ព័ន្ធមេត្រីភាពនេះ នឹងនាំឲ្យប្រទេសទាំង២មានសក្តានុពលកាន់តែខ្លាំងឡើង។
លោក ឃួង ស្រេង ក្នុងឱកាសនោះបានលើកឡើងពីការកកើតរាជធានីភ្នំពេញ ដែលមានអាយុកាលជាច្រើនរយឆ្នាំ។ លោកបន្តថា ក្នុងរបបប៉ុលពត ភ្នំពេញបានធ្លាក់ដល់ចំណុចសូន្យ ក្រោយឆ្នាំ១៩៧៩ រាជធានីភ្នំពេញ មានតែគំនរផេះផង់ និងមានប្រជាពលរដ្ឋតិចតួចរស់នៅប៉ុណ្ណោះ។ តែក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ពិសេសក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បាននាំឲ្យទីក្រុងមួយនេះ ក្លាយជាទីក្រុងមានការអភិវឌ្ឍលើគ្រប់វិស័យ មានកិច្ចសហប្រតិបត្តិការជាច្រើនជាមួយទីក្រុងផ្សេងៗ ដូចជា៖ ថៃ ឡាវ ជប៉ុន ចិនជាដើម។
លោកបន្តថា ប្រជាជនកាន់តែកើននៅភ្នំពេញ និងការលំហូរប្រជាពលរដ្ឋមកពីខេត្តនាំឲ្យប្រជាជនកើតឡើងជាលំដាប់ ដែលធ្វើឲ្យរាជធានីភ្នំពេញ មានបញ្ហាប្រឈមមួយចំនួនផងដែរ ដូចជា បញ្ហាសណ្តាប់ធ្នាប់ បញ្ហាសម្រាម និងបញ្ហាកកស្ទះចរាចរជាដើម ដែលរដ្ឋបាលរាជធានីកំពុងតែធ្វើការដោះស្រាយឲ្យប្រសើរឡើង។
លោក ឃួង ស្រេង បានបញ្ជាក់ទៀតថា នៅរាជធានីភ្នំពេញក្នុងរយៈពេល២ឆ្នាំ ចុងក្រោយនេះ បទល្មើសមានការថយចុះច្រើននាំឲ្យអ្នកវិនិយោគទាំងអស់មានភាពកក់ក្តៅ ទេសចរណ៍កើនឡើង រួមនឹងបង្កភាពកក់ក្តៅដល់ទូតនានា ក្នុងការបំពេញការងារការទូតរបស់ខ្លូន។
លោកបន្តថា នៅតែប៉ុន្មានថ្ងៃទៀតកម្ពុជានឹងមាបការបោះឆ្នោត ទន្ទឹមនឹងនេះយើងបានត្រៀមរៀបចំសណ្តាប់ធ្នាប់ និងសន្តិសុខជូនគ្រប់គណបក្សរួចហើយ។ ចំពោះការចង់ឲ្យមានការចងសម្ព័ន្ធមេត្រីភាព ជាមួយរដ្ឋបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានបញ្ជាក់នៅចំពោះលោកស្រីអៃដា អ៊ុនលូថា កម្ពុជាស្វាគមន៍ក្នុងការចងសម្ព័នភាពមេត្រីភាព ជាមួយទីក្រុងនៃប្រទេសទួគី ដោយលោកថា នេះជាគោលការរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកអភិបាលរាជធានីភ្នំពេញ បន្តទៀតថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើប្រទេសកម្ពុជាបញ្ចប់សង្គ្រាមទាំងស្រុងនៅឆ្នាំ១៩៩៨ ។ ជាងនេះទៅទៀត សម្តេចបានទប់ស្កាត់បដិវត្តពណ៌ ដែលគាំទ្រពីខាងក្រោយដោយប្រទេសមហាអំណាចមួយចំនួន។
ក្នុងនោះដែរលោក ឃួង ស្រេង ក៏បានលើកឡើងពីប្រជាធិបតេយ្យនៅកម្ពុជា ប្រទេសកម្ពុជាមិនត្រូវការសង្ក្រាមនោះទេ ហើយការរំលាយបក្សមួយនោះក៏ដោយសារអ្នកដឹកនាំបក្សនោះធ្វើខុសច្បាប់ យើងអនុវត្តច្បាប់ មិនថា បក្សណា ស្ថាប័នណានោះទេ បើធ្វើខុសច្បាប់ត្រូវតែមានទោសចំពោះមុខច្បាប់ ។
គួរបញ្ជាក់ដែរថា រដ្ឋាភិបាលតួកគីសម្រេចបើកស្ថានទូតរបស់ខ្លួននៅកម្ពុជា កាលពីចុងឆ្នាំ២០១៣។ ការបើកស្ថានទូតក្នុងប្រទេសកម្ពុជា បានបង្ហាញពីទំនាក់ទំនងដ៏ល្អមួយ រវាងប្រទេសទួរគី និងប្រទេសកម្ពុជា ហើយក៏នឹងនាំមកនូវផលប្រយោជន៍ទាំងសងខាងនោះដែរ។ ការដាក់ទូតនៅក្នុងប្រទេសកម្ពុជា ក៏ជាការសម្ដែងឲ្យឃើញ ពីការគាំទ្រនូវរបបនយោបាយក្នុងប្រទេសកម្ពុ ជាពិសេសរបបដឹកនាំដែលបានយករដ្ឋធម្មនុញ្ញជាគោល៕