(ប៉ៃលិន)៖ លោក អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តប៉ៃលិន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយតែមួយគត់នៅកម្ពុជា ដែលបានស្ថិតនៅជាមួយប្រជាពលរដ្ឋជានិច្ចក្នុងដំណាក់កាលលំបាក និងបានធ្វើពលីកម្មយ៉ាងធំធេងក្នុងបុព្វហេតុស្រោចស្រង់ជាតិ និងជីវិតប្រជាពលរដ្ឋខ្មែរ។

លោក អ៊ី ឈាន បានថ្លែងដូច្នេះ ក្នុងការអញ្ជើញចុះឃោសនារកសម្លេងឆ្នោត ជ្រើសតាំងតំណាងរាស្ត្រអណត្តិទី៦ និងបង្រៀនប្រជាពលរដ្ឋគូសសន្លឹកឆ្នោត នៅភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ ដែលអមដំណើរដោយ លោក ផាន់ ចាន់ធុល អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត និងលោក ចេង ញ៉ាន់ អនុប្រធានក្រុមការងារចុះជួយសង្កាត់ប៉ៃលិន ព្រមទាំងក្រុមការងារ ជាច្រើននាក់ទៀតផងដែរ។

ក្នុងជំនួបជាមួយប្រជាពលរដ្ឋលើទឹកដី​ ដែលទើបនឹងបញ្ចប់សង្គ្រាមជាង២០ឆ្នាំមកនោះ លោក អ៊ី ឈាន បានឱ្យដឹងទៀតថា គណបក្សប្រជាជនកម្ពុជាដែលបានចាប់បដិសន្ធិឡើងកាលពី៦៧ឆ្នាំមុន តែងតែធ្វើសកម្មភាពក្នុងបុព្វហេតុជាតិ និងប្រជាជន និងរស់នៅជាមួយប្រជាជនគ្រប់ដំណាក់កាលទាំងអស់ ជាពិសេសការប្រឹងប្រែងតស៊ូរំដោះជីវិតប្រជាពលរដ្ឋចេញពីរបបវាលពិឃាត ប៉ុល ពត ដែលជាគុណបំណាច់មួយ ធ្វើឱ្យប្រជាពលរដ្ឋមិនអាចបំភ្លេចបានឡើយ បន្ថែមពីលើនេះទៀតគណបក្សប្រជាជន
កម្ពុជា បានប្រឹងប្រែងគ្រប់មធ្យោបាយ ដើម្បីបញ្ចប់សង្គ្រាមនៅខេត្តប៉ៃលិន ក៍ដូចជានៅកម្ពុជាទាំងមូល តាមរយៈនយោបាយឈ្នះៗ របស់សម្តេចតេជោ ហ៊ុន សែន។

លោកបានបញ្ជាក់ទៀតថា ចាប់តាំងពីបានបង្កើតឡើងមក គណបក្សប្រជាជនកម្ពុជា តែងតែប្រឹងប្រែងលះបង់សព្វបែបយ៉ាង ក្នុងបុព្វហេតុសង្គមជាតិ គឺគ្រប់ពេលដែលប្រទេសជាតិ និងប្រជាជនមានទុក្ខលំបាកតែងមានវត្តមាន គណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ក៍ដូចជាថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គ្រប់ជាន់ថ្នាក់ ជាក់ស្តែងនៅពេលប្រទេសជាតិ និងប្រជាជនធ្លាក់ក្នុងអន្លង់ពិឃាតរបស់ ប៉ុល ពត គឺមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលបានចេញដឹកនាំចលនាតស៊ូរំដោះជីវិតប្រជាជន និងប្រទេសជាតិ។

នៅក្នុងឱកាសនោះផងដែរ លោក អ៊ី ឈាន ក៍បានជម្រាបជូនប្រជាពលរដ្ឋ និងសមាជិកទាំងអស់ អំពីផែនការសកម្មភាពរយៈពេល ៥ឆ្នាំ​ ដែលបានកំណត់នៅក្នុងគោលនយោបាយទាំង១១ខ របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាង និងការពារមាតុភូមិ ចាប់ពីឆ្នាំ២០១៨-២០២៣ ហើយផែនការសម្មភាពទាំងអស់នេះ មិនមែន​ជាការសន្យាខ្យល់ឡើយ តែជាចក្ខុវិស័យដែលមានការគិតគូរប្រកបដោយយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដើម្បីលើកកម្ពស់គុណភាពជីវិត និងជីវភាព
រស់នៅរបស់ប្រជាពលរដ្ឋ និងដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍលើគ្រប់វិស័យ។

ជាចុងក្រោយលោក ក៏បានថ្លែងអំណរគុណ​ចំពោះប្រជាពលរដ្ឋទាំងអស់ ដែលតែងតែបានគាំទ្រ និងស្រឡាញ់គណបក្សប្រជាជនកម្ពុជាតាំងពីដើមរៀងមក និងសូមការយោគយល់ ព្រមទាំងអធ្យាស្រ័យពីប្រជាពលរដ្ឋចំពោះចំណុចខ្វះខាតមួយចំនួនរបស់មន្រ្តី និងអាជ្ញាធរមូលដ្ឋាន ក្នុងការបម្រើប្រជាពលរដ្ឋ ហើយសូមអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ អញ្ជើញទៅបោះឆ្នោត​ជូន​គណបក្ស​ប្រជាជនស្ថិតនៅលេខរៀងទី២០ ដើម្បីបន្តរក្សាបាននូវការអភិវឌ្ឍ និងសុខសន្តិភាព ជាពិសេសបោះឆ្នោតជូនគណ
បក្សប្រជាជនកម្ពុជា ប្រៀបបាននឹងបោះឆ្នោតឱ្យខ្លួនឯងផងដែរ៕