(ភ្នំពេញ)៖ តាមរយៈ IG TECH ជាក្រុមហ៊ុនមេ របស់ក្រុមហ៊ុន IDEALINK នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ ដែលបានប្រកាសចាប់ដៃគូជាមួយក្រុមហ៊ុនដែលមកពីម៉ាឡេស៊ី AETINS ជំនាញក្នុងការផ្ដល់ដំណោះស្រាយ បច្ចេកវិទ្យាធានារ៉ាប់រងឈានមុខគេ លើផ្នែកឌីជីថល នឹងនាំយកនូវដំណោះស្រាយផ្នែកធានារ៉ាប់រងមួយនេះ ចូលមកក្នុងតំបន់ ដោយកម្ពុជា នឹងក្លាយជាទីតំាងផ្ដល់សេវាកម្មដល់អតិថិជន ក្នុងតំបន់មេគង្គ អាស៊ាន និងអាស៊ីប៉ាស៊ីហ្វិក។
លោក គឹម ពុធគីរី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន IG TECH បានលើកឡើងថា វិស័យធានារ៉ាប់រងនៅកម្ពុជា ក៏ដូចប្រទេសឡាវ ភូមា ថៃ និងវៀតណាម កំពុងមានសក្ដានុពលខ្ពស់ ដែលទាមទារឲ្យមានការប្រើប្រាស់នូវដំណោះស្រាយបច្ចេកវិទ្យាសមស្រប ដើម្បីអាចឲ្យក្រុមហ៊ុន ធានារ៉ាប់រង រក្សានូវសមត្ថភាព ប្រកួតប្រជែង និងរីកលូតលាស់ប្រកបដោយនិរន្ដភាព។
លោកបន្ដថា «ជាមួយនឹងការចាប់ដៃគូនេះ យើងមានជំនឿថា ក្រុមហ៊ុន IG TECH និងក្រុមហ៊ុន AETINS នឹងនាំមកនូវនវានុវត្ដន៍ គុណតម្លៃសម្រាប់វិស័យធានារ៉ាប់រង នៅក្នុងតំបន់មេគង្គ ដោយក្នុងនោះ នៅចុងឆ្នាំ២០១៨ យើងនឹងសហការគ្នា បង្កើននូវមជ្ឈមណ្ឌលឧត្ដមភាព (Center of Excellence) ដែលនឹងក្លាយជាមជ្ឈមណ្ឌលអភិវឌ្ឍ អនុវត្ដ និងទ្រទ្រង់បច្ចេកវិទ្យាសេវាធានារ៉ាប់រងប្រចំាតំបន់ ដោយមានទីតំាងនៅកម្ពុជា ដើម្បីផ្ដល់សេវាដល់អតិថិជន ក្នុងតំបន់មេគង្គ អាស៊ាន និងអាស៊ីប៉ាស៊ីហ្វិក ដោយធានាបាននូវឧត្ដមភាពនៃសេវាកម្ម»។
លោក គឹម ពុធគីរី បញ្ជាក់ទៀតថា លើសពីនោះ Center of Excellence គឺទីតាំងមួយសម្រាប់ឲ្យនិស្សិតសិក្សាជំនាញ IT ទាំងអស់ ទទួលបាននូវការចែករំលែកនូវបច្ចេកវិទ្យា ពីម៉ាឡេស៊ី ដើម្បីអភិវឌ្ឍអ្វីម្យ៉ាង ដែលកូនខ្មែរយើងង្កើតថ្មីដោយខ្លួនឯង ។ក្នុងនោះកម្ពុជា នឹងទទួលបាននូវអត្ថប្រយោជន៍ថ្មីៗជាច្រើន ដូចជា Blockchain និង IOTផងដែរ។
ទន្ទឹមនឹងនោះអគ្គនាយកក្រុមហ៊ុន AETINS លោក Kuppusamy Kanniah បានថ្លែងថា ខណៈកំណើនទីផ្សារហិរញ្ញវត្ថុបង្កើតជាឱកាសសម្រាប់អភិវឌ្ឍអាជីវកម្មក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជា ហើយចំណងដៃគូនេះជួយឲ្យក្រុមហ៊ុន AETINSឈានចូលទីផ្សារថ្មី និងពង្រីកកម្មរបស់ខ្លួនទាំងនៅកម្ពុជា ឡាវ ភូមា ថៃ និងវៀតណាម។
សូមជម្រាបថា ក្រុមហ៊ុនដែលមានបទពិសោធន៍ចាស់ឆ្នាំ និងល្បីល្បាញទាំងពីរនេះ លើការផ្ដល់សេវា និងដំណោះស្រាយបច្ចេកវិទ្យា និងការអភិវឌ្ឍនបច្ចេកវិទ្យាថ្មីៗ នឹងផ្ដល់អត្ថប្រយោជន៍ខ្ពស់ដល់សេដ្ឋកិច្ច សង្គម និងបរិស្ថាន សម្រាប់កម្ពុជាកាន់តែប្រសើរនៅថ្ងៃអនាគត៕