(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញផ្សាយជាសាធារណៈនូវលិខិតមួយ ដែលលោកទើបតែទទួល បានពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ភ្ជាប់នឹងការសរសើរមិនដាច់ពីមាត់ ពីភាពរីកចំរើនដ៏អស្ចារ្យនៅក្នុងកិច្ចសន្ទនាជាមួយទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែកក្កដា ឆ្នាំ២០១៨។
លិខិតចុះថ្ងៃទី០៦ ខែកក្កដា ត្រូវបានប្រគល់ឱ្យតាមក្រុមប្រតិភូ នៃរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ នៅអំឡុងពេលបំពេញដំណើរទស្សនកិច្ចក្នុងទីក្រុងព្យុងយ៉ាង កាលពីសប្ដាហ៍មុន ដើម្បីបន្តជជែកគ្នា ពីការរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង។ លើសពីនេះទៅទៀត នៅក្នុងលិខិតនេះដដែល លោក គីម ជុងអ៊ុន បានចាត់ទុកថាជំនួបកំពូលរវាងលោក និងលោក ត្រាំ នៅឯប្រទេសសិង្ហបុរីកាលពីខែមុន គឺជាការចាប់ផ្ដើមនៃដំណើរផ្សងព្រេងដ៏មានន័យ ជាមួយក្ដីសង្ឃឹមថា ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរនឹងរកអនាគតថ្មី។
ដោយឡែកជាការឆ្លើយតប នៅលើ Twitter នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «វាគឺជាលិខិតដ៏មានន័យពីលោកប្រធាន គីម នៃប្រទេសកូរ៉េខាងជើង... ខណៈការរីកចំរើនដ៏អស្ចារ្យកំពុងដំណើរការទៅមុខ»។
ទោះជាយ៉ាងនេះក្ដី ការចេញផ្សាយលិខិតរបស់លោក គីម ជុងអ៊ុន កើតមានឡើងនៅចំពេលទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ជាថ្មីថា កូរ៉េខាងជើងកំពុងរំលោភលើទណ្ឌកម្មអង្គការសហប្រជាជាតិ ទាក់ទិននឹងការដោះប្ដូរប្រេងឥន្ធនៈដោយខុសច្បាប់នៅឯសមុទ្រ ហើយមួយវិញទៀតនៅក្នុងលិខិតខាងលើ ក៏មិនបានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងណាមួយរបស់កូរ៉េខាងជើង ក្នុងការរំសាយអាវុធនុយក្លេអ៊ែរនោះដែរ៕