(ព្រៃវែង)៖ ក្នុងពេលចុះទៅឃោសនាបោះឆ្នោតនៅឃុំស្ពឺ«ខ» នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ លោក ព្រុំ សុខា ប្រធានក្រុមការងារចុះជួយស្រុកបាភ្នំ បានជម្រាបជូនប្រជាពលរដ្ឋក្នុងពិធីជួបជុំសំណេះសំណាលមួយ ដែលមានអ្នកចូលរួមប្រមាណជាង ១,០០០ នាក់ មកពីភូមិទាំង៦ទូទាំងឃុំថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ គឺជាការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស នៅកម្ពុជា ដែលប្រជាពលរដ្ឋមានសិទ្ធិពេញលេញក្នុងការជ្រើសរើសតំណាងតាមឆន្ទៈពិតប្រាកដរបស់ខ្លួន ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។
ប្រជាពលរដ្ឋទូទាំងប្រទេសធ្លាប់បានចូលរួមយ៉ាងសកម្មក្នុងក្នុងដំណើរការប្រជាធិបតេយ្យតាមរយៈការបោះឆ្នោតនៅកម្ពុជាអស់រយៈពេល២៥ឆ្នាំ រួចហើយ តាំងពីឆ្នាំ១៩៩៣មកម្ល៉េះ។
ការចូលរួមរបស់ប្រជាពលរដ្ឋ គឺជាកត្តាកំណត់មិនអាចខ្វះបានដើម្បីធានាថាប្រជាធិបតេយ្យ និងនីតិរដ្ឋដំណើរការទៅដោយរលូន សមស្របជាមួយស្ថានភាព និងបរិបទជាក់ស្តែងនៃប្រទេសនីមួយៗ។
ហេតុនេះ ការប៉ុនប៉ងតាមរូបភាពណាក៏ដោយ ដើម្បីបំផ្លាញការបោះឆ្នោតជាអាទិ៍ៈ ការអំពាវនាវមិនឱ្យប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតតាមរយៈរបស់ដែលហៅថា «ដេកផ្ទះឈ្នះឯង ឬដេកផ្ទះឈ្នះស្អាត» និង យុទ្ធនាការនានា ដែលសំដៅរារាំងប្រជាពលរដ្ឋមិនឱ្យទៅចូលរួមបោះឆ្នោតគឺជាការបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ក្នុងឱកាសនោះដែរ លោក ព្រុំ សុខា បានរំលឹកប្រជាពលរដ្ឋឱ្យចងចាំជានិច្ចនូវគុណូបការៈរបស់គណបក្សប្រជាជនកម្ពុជាចំពោះការរស់ឡើងវិញរបស់ប្រជាជន និងសង្គមជាតិរយៈពេលជិត ៥០ឆ្នាំកន្លងមក ពិសេសការបញ្ចប់សង្រ្គាមស៊ីវិលរ៉ាំរ៉ៃ នាំមកនូវសុខសន្តិភាពពេញបរិបូរណ៍ បង្កឱកាសអំណោយផលដ៏ថ្លៃថ្លាសម្រាប់ការស្តារ កសាង អភិវឌ្ឍប្រទេសជាតិរីកចម្រើនឆាប់រហ័ស គួរជាទីមោទនភាព និងពោរពេញដោយក្តីសង្ឃឹមសម្រាប់អនាគត។
លោកប្រធានក្រុមការងារស្រុកបាភ្នំ ក៏បានអំពាវនាវប្រជាពលរដ្ឋទាំងអស់នៅក្នុងឃុំ ស្ពឺ«ខ» ទាំងបងប្អូនស្នាក់នៅជាអចិន្រ្តៃយ៍ក្នុងមូលដ្ឋាន និងទាំងបងប្អូនកម្មករ ពលករចំណាកស្រុក ដែលមានចំនួនជាងពាក់កណ្តាលនៃប្រជាពលរដ្ឋសរុបក្នុងឃុំ ដែលបានចុះឈ្មោះបោះឆ្នោត អញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ កុំបីអាក់ខាន។
បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កា និងនៅលេខរៀងទី២០ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ គឺដើម្បីចូលរួមរក្សាសន្តិភាព ស្ថេរភាព លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋឱ្យបានស្ថិតស្ថេរគង់វង្ស ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិយើងឱ្យរីកចម្រើនលូតលាស់តទៅមុខទៀតឥតឈប់ឈរ ដើម្បីអនាគតរុងរឿង ថ្កុំថ្កើងរបស់យើងទាំងអស់គ្នាក្នុងជំនាន់នេះ និងកូនចៅយើងជំនាន់ក្រោយ៕