(ប៉ៃលិន)៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះលោក យី យ៉ូន រដ្ឋមន្ត្រីស្តីទីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញប្រកាសតែងតាំង និងផ្ទេរភារកិច្ចល់ថ្នាក់ដឹកនាំ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ចំនួន០៤រូប។
នៅក្នុងឱកាសនោះផងដែរលោក យី យ៉ូន ក៏បានជំរុញដល់ថ្នាក់ដឹកនាំ ដែលទើបទទួលបានមុខតំណែងថ្មី ត្រូវខិតខំពង្រឹងការងារ ឱ្យអស់ពីសមត្ថភាព និងបំពេញការងាររបស់ខ្លួនទទួលខុសត្រូវ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈឱ្យសក្តិសមជាមន្ត្រីដែលជាអ្នកបម្រើរាស្ត្រពិតប្រាកដ ជាពិសេសត្រូវចេះគ្រប់គ្រងដឹកនាំ ហើយលើកទឹកចិត្តដល់មន្រ្តីដែលមានសមត្ថភាព និងធ្វើការងារបានល្អ ព្រមទាំងដាក់វិន័យ ទៅតាមច្បាប់មន្ត្រីរាជការ ចំពោះមន្ត្រីអសកម្ម។
ទន្ទឹមនឹងនេះលោក យី យ៉ូន បានបន្តថា មន្ត្រីទាំងរាជការទាំងអស់ត្រូវខិតខំទប់ស្កាត់ លុបបំបាត់រាល់បាតុភាពអសកម្មនានាទាំងឡាយ ដែលធ្វើឱ្យប៉ះពាល់ និងបង្កការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ ដោយត្រូវជំរុញការផ្ដល់សេវាសាធារណៈសេវាសង្គម ឱ្យកាន់តែល្អដោយនៅជិតនឹងប្រជាពលរដ្ឋ ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
បើតាមរបាយការណ៍របស់ លោក សាក់ សាមឿន អតីតប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបានឱ្យដឹងថា បច្ចុប្បន្ននៅខេត្តប៉ៃលិន មានជនពិការក្រីក្រនៅក្នុងសហគមន៍ដែលទទួលរបបឧបត្ថម្ភប្រាក់គោលនយោបាយប្រចាំខែ ចំនួន១៣១២នាក់ អតីតយុទ្ធជនដែលកំពុងទទួលរបបសន្តិសុខសង្គមរួមមាន៖ ជនពលី មានចំនួន១៨៩គ្រួសារ ជនមរណៈមានចំនួន៧៤គ្រួសារ ជនពិការមានចំនួន ៦៧៧នាក់ និវត្តិជន មានចំនួន៣៩១នាក់ និងជនបាត់បង់មានចំនួន១៦នាក់។
លោកផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានថ្លែងថា ការផ្លាស់ប្ដូរ ឬតែងតាំងសម្រួលភារកិច្ច គឺជាធម្មតាសម្រាប់ក្របខណ្ឌមន្ត្រីរាជការ របស់រាជរដ្ឋាភិបាល ទៅតាមគុណបំណាច់ និងស្នាដៃក្នុងការបម្រើជាតិ និងប្រជាជននាពេលកន្លងមក។ ដូច្នេះលោក សង្ឃឹមថាក្រោយពីការតែងតាំង រចនាសម្ព័ន្ធថ្នាក់ដឹកនាំថ្មី មន្ទីរអាចមានលទ្ធភាពបំពេញការងារបំរើប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ និងទាន់ពេលវេលា តាមសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសត្រូវមានទំនួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារកិច្ចថ្មី និងសាមគ្គីភាពផ្ទៃក្នុង ព្រមទាំងមានកិច្ចសហការល្អជាមួយ អង្គភាពស្ថាប័ននានាជុំវិញខេត្ត សំដៅបំពេញកិច្ចការបម្រើជាតិ និងប្រជាជនអោយទទួលបានជោគជ័យថ្មីៗ ឱ្យបានជាបន្តបន្ទាប់៕