(បាត់ដំបង)៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តបាត់ដំបង និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅតាមបណ្តាស្រុក ចំនួន៥ ក្នុងខេត្តបាត់ដំបង។
ដោយឡែកព្រឹកមិញនេះ សម្តេចបានអញ្ជើញចុះជួបសំណេះសំណាលតាមស្រុកនីមួយៗរួមមាន៖ ស្រុកសំពៅលូន ស្រុកភ្នំព្រឹក ស្រុកកំរៀង ស្រុកថ្មគោល និងស្រុកបវេល ដែលមានសមាជិក សមាជិកា បានចូលរួមសរុបចំនួន៨,៧៥០នាក់។ ក្នុងពិធីនេះក៏មានបេក្ខជនអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង ប្រធាន អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង ព្រមទាំងលោក លោកស្រីជាក្រុមការងារគណបក្សចុះជួយក្រុងស្រុកជាច្រើននាក់ផងដែរ។
សម្តេចក្រឡាហោម បានមានប្រសាសន៍ថា «បច្ចុប្បន្នកម្ពុជា មានសន្តិភាព និងមានសមិទ្ធផលជាច្រើន ដែលបានកើតឡើង ក្នុងពេលដែលគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេស។ ប្រទេសកម្ពុជាគឺជាប្រទេស ដែលមានលិទ្ធិប្រជាធិបតេយ្យយ៉ាងពិតប្រាកដ ព្រោះថា ប្រទេសកម្ពុជា មានគណបក្សច្រើនចូលរួមប្រកួតប្រជែង និងមានការបោះឆ្នោតគ្រប់អាណត្តិ មិនដែលមានការខកខានក្នុងការបោះឆ្នោតឡើយ»។
សម្តេចក្រឡាហោម ក៏បានអំពាវនាវឲ្យសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា បន្តចូលរួម និងគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បគណបក្សប្រជាជនកម្ពុជា បានបន្តដឹកនាំប្រទេស ឲ្យកាន់តែមានការរីកចម្រើន និងអភិវឌ្ឍតទៅមុខបន្ថែមទៀត៕