(កំពង់ចាម)៖ សហគមន៍ខ្មែរឥស្លាម ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ក្នុងឃុំព្រែកបាក់ និង ឃុំព្រែកកក់ រួមមាន៖ សកម្មជនបក្ស សមាជិក និងមហាជន អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ខ្ទង់ពាន់នាក់បានជួបជុំគ្នាធ្វើការប្តេជ្ញាថាត្រៀមខ្លួនជានិច្ច សម្រាប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ គឺទៅបោះឆ្នោតដើម្បីបន្តដណ្តើមជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជា និងដើម្បីបានសម្តេចតេជោ ហ៊ុន សែន នៅតែធ្វើជានាយករដ្ឋមន្ត្រី។
ការប្តេជ្ញានេះ ធ្វើឡើងក្នុងឱកាសដែលលោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា និងលោកស្រី អមដំណើរដោយសហការី និងបេក្ខជនតំណាងរាស្រ្តខេត្តកំពង់ចាម បានអញ្ជើញសំណេះសំណាល នៅភូមិព្រែកបាក់ ឃុំព្រែកបាក់ និងភូមិទួលពោធិ ឃុំព្រែកកក់ នារសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨។
លោក អូស្មាន ហាស្សាន់ បានកោតសរសើរ ចំពោះសហគមន៍ខ្មែរឥស្លាម ដែលកន្លងមកតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ចំពោះគណបក្សប្រជាជនកម្ពុជា ហើយក៏សូមឲ្យការប្តេជ្ញាគាំទ្រនេះ នៅដិតជាប់នឹងដួងចិត្ត និងកាយវិការនៃការចូលរួមរបស់បងប្អូនដោយឆន្ទៈមុះមត់ ដើម្បីសុខសន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍតទៅមុខជាបន្តបន្ទាប់៕