(សៀមរាប)៖ នៅក្នុងឱកាសជួបសំណេះសំណាលជាមួយបុគ្គលិក មន្រ្តីរាជការរដ្ឋបាលសាលាខេត្ត នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានលើកឡើងថា ការទៅបោះឆ្នោត ឬមិនបានទៅបោះឆ្នោត និងត្រូវបានបោះឆ្នោតជូនគណបក្សនយោបាយណាមួយនោះ ដែលប្រជាពលរដ្ឋមានជំនឿទុកចិត្ត គឺជាសិទ្ធិរបស់ប្រជាពលរដ្ឋ ប៉ុន្តែបើប្រសិនជាជនណា បានធ្វើសកម្មភាពគ្រប់រូបភាព បំណងរារាំងប្រជាពលរដ្ឋ ដែលមានសិទ្ធបោះឆ្នោត មិនឲ្យទៅបោះឆ្នោតនោះគឺជាអំពើល្មើសច្បាប់។
លោកអភិបាលខេត្តសៀមរាប បានបង្ហាញបន្ថែមនូវការបកស្រាយថា ការរារាំងមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ត្រូវបានចែងជាទោសប្បញ្ញត្តិក្នុងច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ត្រង់មាត្រា១៤២ របស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលមាត្រាចែងស្តីអំពីទោសប្បញ្ញត្តិនោះ មានការផាកពិន័យជាប្រាក់ពី៥លានរៀល ដល់២០លានរៀល ដោយគ.ជ.ប ពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងៗទៀតផងទេ។
បើតាមលោក ឃឹម ប៊ុនសុង ចំពោះជនណាដែលបានធ្វើសកម្មភាពទុច្ចរិត រារាំងដល់ការបោះឆ្នោត ដូចជាបង្កការអុកឡុក ធ្វើឲ្យបាត់ទំនុកចិត្តលើការសម្ងាត់ នៃការបោះឆ្នោត ធ្វើឲ្យមានការភ័ន្ដច្រឡំបាត់ទំនុកចិត្តលើការបោះឆ្នោត បង្កការរំខានមិនឲ្យដំណើរការបោះឆ្នោតប្រព្រឹត្តិទៅបានធ្វើឲ្យខូចរបៀបរៀបរយ នៅពេលបោះឆ្នោត បង្កការរំខានមិនឲ្យការរាប់សន្លឹកឆ្នោតដំណើរការទៅបានជាដើម។ល។
លោក ឃឹម ប៊ុនសុង បញ្ជាក់ថា ទាំងនេះគឺជាការផ្តល់ជូននូវការយល់ជ្រាប អំពីច្បាប់ នៃការបោះឆ្នោត សម្រាប់បុគ្គលិក មន្រ្តី-រាជការ យកទៅអនុវត្តកាតព្វកិច្ច ជាពលរដ្ឋល្អ និងផ្សព្វផ្សាយបន្តជូនដល់មហាជនទូទៅ រួមគ្នាថែរក្សាបរិយាកាស នៃការបោះឆ្នោតជ្រើសតាំងសមាជិកសភាអណត្តិទី៦នេះ ឲ្យបានល្អប្រសើរ។ ការបោះឆ្នោតនេះ មានតម្លៃជាប្រវត្តិសាស្រ្តដល់ការថែរក្សាសន្តិភាព បន្តការអភិវឌ្ឍជាតិ ប្រកបដោយនិរន្តរភាព ឆ្ពោះទៅកាន់ចក្ខុវិស័យ នៃប្រទេសមានចំណូលមធ្យមកម្រិតទាបនាពេលបច្ចុប្បន្ន ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នាឆ្នាំ២០៣០ខាងមុខ និងត្រូវទទួលបានកិត្តិយសផងដែរ៕