(កំពង់ស្ពឺ)៖ ករណីឆេះរថយន្តមួយគ្រឿង ក្នុងស្ថានីយប្រេងមួយកន្លែង នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីពេលថ្មីៗនេះ ដែលបណ្តាលឲ្យស្លាប់បុរសជនជាតិខ្មែរម្នាក់ (ជាអ្នកបើករថយន្ត) និងរបួសជនជាតិចិនម្នាក់ ដែលបណ្តាលមកពីជនជាតិចិនជក់បារីក្នុងរថយន្តនោះ នៅបន្តអូសបន្លាយជាប្រធានបទមួយលើបណ្តាញសង្គម Facebook នៅឡើយ។

ប្រធានបទ ដែលគេបានវែកញែកនៅតាមបណ្តាញសង្គម ប៉ុន្មានថ្ងៃនេះ គឺគេសំដៅទៅលើមន្រ្តីនគរបាលម្នាក់ ដែលបានសួរនាំទៅជនរងគ្រោះ ដែលត្រូវភ្លើងឆេះដោយមិនគិតបានជួយជនរងគ្រោះ យកទៅកាន់មន្ទីរពេទ្យ។ ប៉ុន្តែចំពោះបញ្ហានេះ កាលពីម្សិលមិញ ស្នងការនគរបាលខេត្តកំពង់ស្ពឺ ក៏បានចេញលិខិតបំភ្លឺមួយ រៀបរាប់ពីសកម្មភាព និងពីចំណាត់ការលើការជួយសង្គ្រោះជនរងគ្រោះ ដោយមិនបានព្រងើយកន្តើយ និងមានយឺតយ៉ាវនោះទេ។

ដោយឡែកនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រុមគ្រួសារ និងសាច់ញាតិសពជនរងគ្រោះតាមរយៈបណ្តាញព័ត៌មាន Fresh News ក៏បានចេញមកបកស្រាយ និងពន្យល់បន្ថែមពីចំណាត់ការ របស់នគរបាលដែលបានជួយអន្តរាគមន៍ក្នុងករណីមួយនេះបានទាន់ពេលវេលា។

ជួបសម្ភាសន៍ជាមួយភ្នាក់ងារព័ត៌មាន Fresh News បងប្អូនសាច់ញ្ញាតិជនរងគ្រោះដោយសារករណីឆេះរថយន្ត បានកោតសសើរសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋានខេត្តកំពង់ស្ពឺ ដែលបានជួយជ្រោងជ្រែងជនរងគ្រោះ និងទទូចឲ្យអ្នកលេងបណ្តាញសង្គមឈប់បំពុល និងបំប៉ោងព័ត៌មានវាយប្រហារមកលើសមត្ថកិច្ចទៀត។

ក្រុមគ្រួសារ និងសាច់ញាតិជនរងគ្រោះ បានថ្លែងអំណរគុណចំពោះការជួយសម្រួលតាំងដំបូងហៅរថយន្តសង្គ្រោះ រៀបចំឯកសាររួមទាំងជួយសង្គ្រោះក្នុងហេតុការណ៍យ៉ាងយកចិត្តទុកដាក់។ ពួកគាត់ដែលជាបងប្អូនសពជនរងគ្រោះ បានទទូចសុំឲ្យអ្នកលេងបណ្តាញសង្គមហ្វេប៊ុក មេត្តាឈប់មានការភ័ន្ធច្រឡំតទៅទៀតអំពីករណីនេះ។

ដោយឡែក លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានបំភ្លឺថា កន្លែងជនរងគ្រោះកំពុងឈរ និងអង្គុយនេះជាកន្លែងរង់ចាំរថយន្តសង្គ្រោះទេ ហើយមានទាំងម៉ាស៊ីនត្រជាក់ថែមទៀត ហើយពេលនោះ សមត្ថកិច្ចក៏ឆ្លៀតសាកសួររកក្រុមគ្រួសារបណ្តើរ ដើម្បីផ្តល់ព័ត៌មានជូនក្រុមគ្រួសារតែប៉ុណ្ណោះ។

កាលពីម្សិលមិញ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ក៏បានចេញមុខបំភ្លឺជុំវិញករណី អគ្គិភ័យឆេះរថយន្ដ១គ្រឿង (នៅពេលរថយន្ដបញ្ចូលហ្គាស) ម៉ាក Highlander ដែលមានការរិះគន់ លើសមត្ថកិច្ចធ្វើកំណត់ហេតុជនរងគ្រោះ និងពន្យារពេលការបញ្ជូន ជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ទើបបណ្ដាលឲ្យជនរងគ្រោះទទួលមរណភាព។

ក្នុងសេចក្ដីបំភ្លឺ របស់ស្នងការដ្ឋានខេត្តកំពង់ស្ពឺ ជុំវិញករណីខាងលើនេះ មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ០៨៖១០នាទី មានករណីអគ្គិភ័យឆេះរថយន្ដ១គ្រឿង (នៅពេលរថយន្ដបញ្ចូលហ្គាស) ម៉ាក Highlander ពណ៌ទឹកប្រាក់ ស្កាកលេខភ្នំពេញ 2AR-6124 កម្មសិទ្ធរបស់ឈ្មោះ តាំង គីមហេង ភេទប្រុស អាយុ២៨ឆ្នាំ នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈ យីហោ តេលា ម្ចាស់ឈ្មោះ សៀក ម៉ៅ ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិចំបក់ក្អែ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សូមធ្វើការបំភ្លឺជូនសាធារណៈជន ក៏ដូចជាបណ្ដាញសារព័ត៌មានមួយចំនួនជូនជ្រាប ចំពោះករណីអគ្គិភ័យឆេះរថយន្ដ១គ្រឿង ម៉ាក Highlander​ ពណ៌ទឹកប្រាក់ ស្កាកលេខភ្នំពេញ 2AR-6124 នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈ យីហោ តេលា ម្ចាស់ឈ្មោះ សៀក ម៉ៅ តាមបណ្ដោយផ្លូវជាតិលេខ ៤១ ស្ថិតនៅភូមិចំបកក្អែ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ក្រោយទទួលបានព័ត៌មានសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ អធិការដ្ឋាននគរបាលស្រុកគងពិសី បានសហការអន្ដរាគមន៍ជួយពន្លត់ និងជួយសង្គ្រោះជនរងគ្រោះ ក្នុងនោះ មានជនជាតិខ្មែរ-ចិន ចំនួន២នាក់ មានឈ្មោះ តាំង គីមហេង ភេទប្រុស ជាតៃកុងឡាន និងឈ្មោះ លីន ប៊ីនប៊ីន ភេទប្រុស ជនជាតិចិន អ្នករួមដំណើរ រយៈប្រមាណ២០នាទី ក្រោយហេតុការណ៍សមត្ថកិច្ចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។

ក្នុងពេលនោះ សមត្ថកិច្ចបានទំនាក់ទំនងទៅរថយន្ដសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកស្រុកគងពិសី និងរថយន្ដសង្គ្រោះឯកជន ដើម្បីដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ក្នុងរយៈពេលរង់ចាំរថយន្ដសង្គ្រោះមកដល់ សមត្ថកិច្ចរួមជាមួយប្រជាពលរដ្ឋ បានជួយសង្គ្រោះបឋម (ប្រើស្បៃ និងភួយសើម ហើយយកជនរងគ្រោះអង្គុយក្នុងបន្ទប់ម៉ាស៊ីន ត្រជាក់ម៉ាតស្ថានីយ៍ប្រេង)។

ពេលនោះ សមត្ថកិច្ចឈ្លៀតសាកសួរបឋម អំពីក្រុមគ្រួសារសាច់ញាតិ ដើម្បីធ្វើការទំនាក់ទំនងជូនដំណឹង អំពីគ្រោះថ្នាក់របស់ជនរងគ្រោះ ថ្មីៗនេះតាមរយៈបណ្ដាញសង្គម ក៏ដូចជាសារព័ត៌មានមួយចំនួន បានចុះផ្សាយចោទប្រកាន់ដោយខ្វះប្រភពព័ត៌មានពិតថា សមត្ថកិច្ចធ្វើកំណត់ហេតុជនរងគ្រោះ និងពន្យាពេលការបញ្ជូន ជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ទើបបណ្ដាលឲ្យជនរងគ្រោះទទួលមរណៈភាព។

ក្នុងនាមស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សូមចូលរួមសោកស្ដាយជាមួយក្រុមគ្រួសារសាច់ញាតិជនរងគ្រោះ និងសូមធ្វើការបដិសេធ និងមិនទទួលយកចំណុចរិះគន់ទាំងឡាយណា ដែលខ្វះព័ត៌មានពិត ចំណែកក្រុម គ្រួសារជនរងគ្រោះ បានសម្ដែងការអរគុណចំពោះសមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ ដែលបានខិតខំជួយខ្នះខ្នែង បញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ នៅរាជធានីភ្នំពេញ និងបានជួយសម្របសម្រួលនីតិវិធីមួយចំនួនទៀត។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សូមអំពាវនាវដល់គ្រប់បណ្ដាញសារព័ត៌មាន និងអ្នកលេងបណ្ដាញសង្គម Facebook មេត្ដាកុំចុះផ្សាយនូវព័ត៌មានដែលមិនពិត និងខ្វះប្រភពព័ត៌មាន នាំឲ្យមានការយល់ច្រឡំ ប៉ះពាល់ដល់កិត្ដិយស ស្ថាប័នសមត្ថកិច្ចដែលកំពុងបំពេញភារកិច្ច ជូនប្រជាពលរដ្ឋ និងសង្គមជាតិ៕