(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ បានដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដា របស់គណៈបញ្ជាការឯកភាពខណ្ឌ ដាក់ផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ខាងមុខនេះ។
ជាមួយគ្នានេះអភិបាលខណ្ឌ និងកិច្ចប្រជុំទាំងមូល ក៏ផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។កិច្ចប្រជុំខាងលើនេះក៏មានការចូលរួមពីសំណាក់លោកលោកស្រីអភិបាលរង អធិការនគរបាលខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ តំណាងយោធភូមិភាគពិសេស ការិយាល័យចំណុះជំនាញនានាជុំវិញខណ្ឌ លោកលោកស្រីចៅសង្កាត់ មេប៉ុស្តិ៍ និងស្មៀនសង្កាត់ទាំង១៣។
នៅក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បានធ្វើការណែនាំដល់អង្គប្រជុំលើការងារសំខាន់ៗមួយចំនួនដូចខាងក្រោម៖
*យកចិត្តទុកដាក់ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ជាពិសេសសក្នុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ខាងមុខនេះ
*សង្កាត់ ភូមិ និងមន្ត្រីទាំងអស់ត្រូវផ្សព្វផ្សាយ និងអញ្ជើញជូនប្រជាពលរដ្ឋឲ្យទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា
*ត្រូវអនុវត្តឲ្យបានល្អប្រសើរនូវ គោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ទប់ស្កាត់ បង្ការ បង្រ្កាបបទល្មើសគ្រប់ប្រភេទកុំឲ្យកើតមានក្នុងមូលដ្ឋាន
*ត្រូវយកចិត្តទុកដាក់ការងារអនាម័យបរិស្ថាន ការងាររៀបចំសណ្តាប់ និងសម្អាតតាមដងផ្លូវ៕