(ក្រចេះ)៖ កូនឈើចម្រុះ៥ប្រភេទ និងឈើហូបផ្លែចំនួន២០២០ដើម ត្រូវបានអាជ្ញាធរខេត្តក្រចេះ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋរួម និងសិស្សានុសិស្ស បានរៀបចំដាំនៅទីតាំងតាំងវត្តពោរធិ លើផ្ទៃដីចំនួន២ហិកតា ស្ថិតភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្តបុរី ខេត្តក្រចេះ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ។
លោក ទ្រី សុភ័ក្រ នាយខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ បានបញ្ជាក់ឱ្យដឹងថា ពិធីបុណ្យរុក្ខទិវានេះ ត្រូវបានប្រារព្ធធ្វើឡើងនៅទី៩ ខែកក្កដា ជារៀងរាល់ឆ្នាំ នៅទូរទាំងប្រទេស សំដៅធានានូវការគ្រប់គ្រងព្រៃឈើ ប្រកបដោយនិរន្ដន៍ភាព និងមានផលប្រយោជន៍សម្រាប់សង្គម សេដ្ឋកិច្ច និងបរិស្ថាន រួមទាំងការអភិរក្សជីវៈចម្រុះ និងមរតកវប្បធម៌ ពិសេសអាចបង្កើតបាននូវម្លប់បៃតងឡើងវិញ ធ្វើឱ្យតាមភូមិដ្ឋានមានភាពស្រស់បំព្រង។
គួររំលឹកដែរថា ខេត្តក្រចេះបានប្រារុព្ធ រុក្ខទិវា៩ កក្តដា ជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៩២ មកដល់បច្ចប្បន្ននេះបានចំនួន១៦លើក ទាំងឆ្នាំ២០១៨នេះសរុប ដាំកូនឈើបានចំនួន១២២.៦១៨ដើម ដោយបានដាំដុះតាមទីវត្តអារាម សាលរៀន និងតាមទីសាធារណៈមួយចំនួន។
លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានថ្លែងថា ការប្រារព្ធពិធីរុក្ខទិវា ៩ កក្កដា ត្រូវបានបង្កើតឡើង ជាទិវាពលកម្មដាំដើមឈើ ហៅថា «រុក្ខទិវា» សំដៅបំផុសស្មារតីឱ្យប្រជាពលរដ្ឋចេះស្រឡាញ់ព្រៃឈើ លើកកម្ពស់ស្មារតី ចូលរួមថែរក្សាការពារព្រៃឈើ ដែលមានស្រាប់ និងចូលរួមឱ្យច្រើនកុះករ ក្នុងការដាំដើមឈើឡើងវិញ ដើម្បីជាសុភមង្គល និងសេចក្តីសុខចម្រើន នៃប្រទេសជាតិយើងឱ្យសមស្របតាមគោលការណ៍ របស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាទូរទាំងប្រទេសយល់ដឹងកាន់តែច្បាស់អំពីអត្ថប្រយោជន៍ នៃធនធានធម្មជាតិ។
លោកអភិបាលខេត្តបានបន្ថែមថា ការចូលរួមថែរក្សា ការពារ និងអភិរក្សធនធានធម្មជាតិ គឺទាមទារឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមទាំងប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវចូលរួមដាំដុះកូនឈើ រក្សាការពារសត្វព្រៃ ដើម្បីប្រែក្លាយតំបន់រស់នៅឱ្យមានគម្របពណ៌បៃតងស្រស់បំព្រង និងអភិរក្សធនធានព្រៃឈើ សម្រាប់ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ ហើយលោកបានជំរុញដល់ប្រជាពលរដ្ឋ ត្រូវគិតគូរដាំដើមឈើ តាមផ្ទះ ឱ្យបានច្រើនជាពិសេស ដើមឈើណាហូបផ្លែ ព្រោះដើមឈើ វាបានជួយការពារនូវការហូរច្រោះ ឬ ស្រុតបាក់ដីបាន ហើយវាក៏បានផ្តល់ម្លប់ និង ផ្លែ ផ្កា ឱ្យមកយើងវិញដែរ ហើយលោកក៏រំលឹកដល់បងប្អូនប្រជាពលរដ្ឋត្រូវតែចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នា នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ៕