ព្រះមហាក្សត្រខ្មែរ ចូលរួមរំលែកទុក្ខព្រះចៅអធិរាជជប៉ុន ចំពោះករណីគ្រោះទឹកជំនន់ បណ្តាលឱ្យប្រជាជនជប៉ុន២០០នាក់ ស្លាប់និងច្រើននាក់ទៀត បាត់ខ្លួននិងរបួស
12-07-2018 17:30
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ បានថ្វាយព្រះរាជសារចូលរួមរំលែកទុក្ខជាមួយ ព្រះចៅអធិរាជជប៉ុន AKIHITO ចំពោះគ្រោះទឹកជំនន់ នៅប៉ែកខាងត្បូង និងខាងលិចប្រទេសជប៉ុន ដែលបណ្តាលឱ្យប្រជាជនជប៉ុន ២០០នាក់ បានស្លាប់ និងជាច្រើននាក់ផ្សេងទៀត បាត់ខ្លួន និងរបួស។
គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ ចំនួនមនុស្សស្លាប់ដោយសារគ្រោះមហន្តរាយទឹកជំនន់ ដែលបានវាយលុកយ៉ាងចាស់ដៃ ទៅលើភាគខាងលិចប្រទេសជប៉ុននោះ បានកើនដល់ ២០០នាក់គត់ ខណៈបេសកកម្មរុករក និងជួយសង្រ្គោះ នៅតែបន្តពុះពារទៅមុខ ដើម្បីតាមរកមនុស្សជាច្រើននាក់ទៀត ដែលកំពុងបាត់ខ្លួន។
ក្រុមការងារជាង ៧០,០០០នាក់ កំពុងចូលរួមក្នុងប្រតិបត្តិការរុករក និងជួយសង្រ្គោះ មនុស្សប្រមាណ ៦០នាក់ ឬអាចច្រើនជាងនេះ ដែលនៅតែបន្តបាត់ខ្លួន នៅតាមតំបន់រងការវាយប្រហារ ដោយគ្រោះទឹកជំនន់ និងការអិលបាក់ដី ដោយតំបន់ទាំងនោះ ក៏រួមបញ្ចូលទាំងខេត្តហ៊ីរ៉ូស៊ីម៉ា, អូកាយ៉ាម៉ា, និងអ៊ីហ៊ីមិ ដែលជារងគ្រោះធ្ងន់ធ្ងរខ្លាំងជាងគេផងដែរ។
គួរជម្រាបផងដែរថា លំនៅឋានប្រមាណ ២៤០,០០០ខ្នង ត្រូវបានកាត់ផ្តាច់ពីបណ្តាញផ្គត់ផ្គង់ទឹកស្អាត នៅភាគខាងលិចប្រទេសជប៉ុន ហើយប្រព័ន្ធដឹកជញ្ជូនក៏បានជួបភាពរាំងស្ទះធ្ងន់ធ្ងរថែមទៀតផង។ មានការព្យាករណ៍ថា ជប៉ុនយ៉ាងហោចណាស់ត្រូវប្រើពេល ១ឆ្នាំ ទើបអាចស្តារការខូចខាតឡើងវិញបាន៕
ខាងក្រោមនេះ ជាព្រះរាជសារ របស់ព្រះមហាក្សត្រខ្មែរ៖