(ភ្នំពេញ)៖ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ លោក ឡុង ឌីម៉ង់ បានប្រើចិត្តសាស្ត្រដ៏ប៉ិនប្រសព្វរបស់ខ្លួន ដើម្បីពន្យល់ដល់ពលករខ្មែរម្នាក់ ដែលកើតមានបញ្ហាបាក់ទឹកចិត្តស្ទើរស្លាប់ស្ទើរស់ រហូតដល់យុវជនម្នាក់នេះ ភ្ញាក់រលឹកមានស្មារតីតស៊ូ ក្រោកឈរឡើងវិញ ដើម្បីជំនៈឧបសគ្គនៅចំពោះមុខ។
ការប្រើចិត្តសាស្ត្រពន្យល់ដល់ណលករបាក់ទឹកចិត្តដោយជោគជ័យនេះ បានធ្វើឡើងនាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ម្សិលមិញ ខណៈដែលលោក ឡុង ឌីម៉ង់ បានជួបជជែកផ្ទាល់ជាមួយពលករខ្មែរ ដែលបាក់ទឹកចិត្ត ក្នុងស្ថានទូតកម្ពុជា ប្រចាំប្រទេសកូរ៉េ។
លោក ឡុង ឌីម៉ង់ បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំបានជួបពន្យល់ លើកទឹកចិត្តដល់ប្អូនប្រុស ទី សារុង ពលករផ្នែកសំណង់ ដែលមានបញ្ហាផ្លូវចិត្ត បាក់ទឹកចិត្ត ដោយសារក្រុមគ្រួសារនៅស្រុកមានបញ្ហា រហូតហូបអាហារអត់បាន នឹងសម្រានមិនលក់ ហើយឈានដល់គាំងបេះដូង ប៊ិះនឹងបាត់បង់ជីវិត។ ខ្ញុំក៏បានរៀបរាប់ពីវិធីកាន់បន្ថយស្រេ្តស កាត់បន្ថយការបាក់ទឹកចិត្ត និងជំរុញឱ្យខំប្រឹងតស៊ូបន្ថែមទៀត ជាពិសេសថែរក្សាសុខភាព កុំបណ្ដោយឱ្យធ្លាក់ខ្លួនដូចនេះទៀត»។
លោកបន្តទៀតថា ដោយទទួលនូវសំណូមពររបស់ប្អូនប្រុស ទី សារុង ដែលចង់ទៅសម្រាកព្យាបាលជំងឺនៅខ្មែរ ក្រុមការងារស្ថានទូត បានឧបត្ថម្ភថវិកា ដើម្បីទិញសំបុត្រយន្ដហោះជូនប្អូនផងដែរ។
ទន្ទឹមនឹងនេះ លោក ឡុង ឌីម៉ង់ សូមអំពាវនាវឱ្យឪពុកម្តាយក្រុមគ្រួសារ របស់ពលករយើងខ្លះដែលមកធ្វើការនៅកូរ៉េ សូមកុំព្យាយាមដាក់បន្ទុក ជាបញ្ហាដែលដោះមិនចេះចប់ វានឹងបណ្តាលឱ្យកូនក្មួយយើង មានបញ្ហាសុខភាពផ្លូវចិត្តធ្ងន់ធ្ងរឈានដល់បញ្ហាគាំងបេះដូង។ ដរាបណាមានជីវិត និងសុខភាពល្អទើបអាចរកលុយបានទៀត និងកសាងអនាគតមួយដោយចីរភាព។
លោក ឡុង ឌីម៉ង់ ក៏បាន អរគុណប្អូនប្រុស ឡុង ដែលបាននឹងតែងតែជួយ ដល់បងប្អូនពលករខ្មែររបស់យើង នៅពេលមានបញ្ហាសុខភាព ឬបញ្ហាការងារជាដើម៕