(តាកែវ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកស្រី ខៀវ ស៊ីណា នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ បានអញ្ជើញចូលរួមដាក់សម្ពោធឲ្យប្រើប្រាស់ ជាផ្លូវការនូវសមិទ្ធផលនានា ស្ថិតក្នុងពុទ្ធសីមា វត្តសំរោងរ័ត្ន ខេត្តតាកែវ ការដាក់សម្ពោធនោះ ក៏មានការចូលរួមពីសំណាក់សម្ដេចព្រះសង្ឃរាជ នន់ ង៉ែត សម្ដេចពុទ្ធជ័យមុនី ឃឹម សន មេគណរាជធានីភ្នំពេញផងដែរ។
សមិទ្ធផលនានាក្នុងវត្ដសំរោងរ័ត្ន នោះបានចំណាយថវិកា យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងនោះប្រាក់រៀលមានចំនួនជាង៣,៣០៦លានរៀល និងប្រាក់ដុល្លារចំនួន៨២៦,០០០ពាន់ដុល្លារ សមិទ្ធផលទាំងនេះ កើតចេញពីទឹកព្រះទ័យ និងសុទ្ធាជ្រះថ្លា របស់សម្ដេចពុទ្ធជ័យមុនី ឃឹម សន មេគណរាជធានីភ្នំពេញ ព្រមទាំងប្រជាពលរដ្ឋផងដែរ។
លោក ជា ចាន់តូ បានចាត់ទុកសមិទ្ធផលថ្មី ដែលត្រូវបានដាក់សម្ពោធពេលនេះ ជាផ្លែផ្កាថ្មីមួយទៀត ដែលកើតចេញពី កត្តាសុខសន្តិភាព និងការជឿជាក់ ក្នុងវិស័យព្រះពុទ្ធសាសនា។ ដូចនេះត្រូវរួមគ្នាថែរក្សា ការពារសុខសន្តិភាព ដើម្បីបន្តនូវសេចក្ដីសុខ សន្ដិភាព និងភាពរីកចម្រើនក្នុងសង្គមជាតិ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។
លោកទេសាភិបាល ជា ចាន់តូ និងលោកស្រី ខៀវ ស៊ីណា ក៏បានអញ្ជើញទាញខ្សែបញ្ជាគ្រឿងចក្រ ដើម្បីចាប់ផ្ដើមកសាងព្រះវិហារថ្មីក្នុងវត្តសំរោងរ័ត្នផងដែរ។ ព្រះវិហារថ្មី ដែលកំពុងកសាងនេះមានទំហំ៨.៥០ម៉ែត្រគុណនឹង១៨ម៉ែត្រ ជាការផ្ដួចផ្ដើមឡើងដោយ ព្រះសង្ឃរាជ នន់ ង៉ែត សម្ដេចពុទ្ធជ័យមុនី ឃឹម សន មេគណរាជធានីភ្នំពេញ លោក ជា ចាន់តូ និងលោកស្រី ខៀវ ស៊ីណា៕