(បាត់ដំបង)៖ លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ បានចេញមកបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ស្ថានភាពទឹកនៅស្ទឹងសង្កែ ខេត្តបាត់ដំបង បានចាប់ផ្តើមស្រកវិញចាប់ពីរសៀលនេះ ដោយមានសុវត្ថិភាពទាំងស្រុង ហើយគ្មានបញ្ហាអ្វីកើតឡើងនោះទេ ដូច្នេះសូមឲ្យប្រជាពលរដ្ឋទាំងអស់ នៅក្រុងបាត់ដំបង កុំមានការព្រួបារម្ភចំពោះស្ថានភាពទឹកខាងលើនេះ។
លោក ចាន់ យុត្ថា បានបញ្ជាក់ថា មូលហេតុដែលនាំឲ្យទឹកស្ទឹងសង្កែ មានការហក់ឡើងគួរឲ្យកត់សម្គាល់នេះ ដោយសារមានភ្លៀងធ្លាក់ជាប់ៗគ្នា នៅតំបន់ផ្ទៃរងទឹកភ្លៀងរបស់ស្ទឹងសង្កែ នៅផ្នែកខាងលើនោះ ដែលបានធ្វើឲ្យទឹកមានការកើនឡើង នៅទំនប់ពហុបំណងស្ថិតនៅស្រុករតនមណ្ឌល។ នៅពេលដែលមានការកើនឡើង ក្រសួងក៏បានបើកទ្វារទឹកពហុបំណងនេះ ដើម្បីរំដោះទឹកចេញខ្លះ។
បើតាមលោក ចាន់ យុត្ថា ទ្វារទប់ទឹកពហុបំណងមាន៧ប្រឡោះ ហើយក្នុងមួយប្រឡោះ បើកកម្ពស់១ម៉ែត្រ៧តឹក ហេតុនេះទឹកត្រូវបានរំដោះចេញពីអាងនេះ ហើយទឹកត្រូវបានបញ្ចេញទៅតាមស្ទឹងសង្កែ មកដល់ស្រុកបាណន់ គឺទំនប់កង្ហត មួយផ្នែក ក្រសួងបានបង្វែរចេញទៅតាមប្រឡាយ ហើយមួយផ្នែកទៀតឲ្យហូរចូលមកតាមស្ទឹងសង្កែ ដែលធ្វើឲ្យទឹកស្ទឹងសង្កែមានការហក់ឡើង ប៉ុន្តែមិនប៉ះពាល់ដល់សុវត្ថិភាពក្រុងបាត់ដំបងទេ។
លោកបន្តទៀតថា ឥឡូវនេះ នៅផ្នែកខាងលើទំនប់សេកសក បានទម្លាក់ទ្វារចុះហើយ ដែលទ្វារទាំង៧នេះ ក្រសួងបើកកម្ពស់ ១ម៉ែត្រ ៧តឹក តែពេលនេះ ទម្លាក់នៅសល់តែ១ម៉ែត្រ ហើយទ្វារទំនប់ទឹកកង្ហត ក៏បានទម្លាក់ដែរ ហេតុនេះទឹកតែមួយផ្នែកទេ ដែលហូរមកស្ទឹងសង្កែ ខណៈមួយផ្នែកទៀត ហូរចេញទៅតាមប្រឡាយមេ ចូលទៅកាន់ស្រុកបាណន់ ស្រុកសង្កែ ស្រុកមោងឬស្សី និងស្រុកឯកភ្នំ។ លោកបញ្ជាក់ថា វិធានការបង្វែរទឹកនេះ ទឹកស្ទឹងសង្កែនឹងចាប់ផ្តើមស្រកនៅល្ងាចនេះ។
នៅវេលាម៉ោង៤រសៀលថ្ងៃដដែលនេះ ក្រសួងបានបិទទ្វារទឹកចំនួន២ទាំងស្រុង ដោយទុកទ្វារ៥ ហើយទម្លាក់បិទត្រឹម១ម៉ែត្រ។ នេះជាការបញ្ជាក់បន្ថែមពីលោក ចាន់ យុត្ថា៕