(ភ្នំពេញ)៖ នៅក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៨នេះ ពោលគិតចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០១៨ (គិតត្រឹមថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨) មានប្រជាពលរដ្ឋជាង៤១ម៉ឺននាក់ បានទៅពិនិត្យសម្រាកព្យាបាល នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋទូទាំងប្រទេស។ នេះបើតាមរបាយការណ៍ របស់ក្រសួងសុខាភិបាល ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ។
បើតាមស្ថិតិនៃការប្រើប្រាស់សេវាថែទាំសុខភាព របស់ប្រជាពលរដ្ឋ ក្នុងរយៈពេលប្រាំមួយខែដើមឆ្នាំ គិតពីខែមករា ដល់ខែមិថុនា ឆ្នាំ២០១៨ (គិតត្រឹមថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨) នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋ ទូទាំងប្រទេស បានបញ្ជាក់ថា ករណីពិនិត្យពិគ្រោះជំងឺក្រៅ ក្នុងរយៈពេលប្រាំមួយខែដើមឆ្នាំ មានចំនួនសរុប ៥,៦១៥,៤៩៧ ករណី (ក្នុងនោះករណីថ្មី មានចំនួន ៤,៨៩៧,៧៩៤ ករណី)។
ក្នុងចំនួនករណីពិនិត្យពិគ្រោះជំងឺក្រៅ សរុបខាងលើ (៥,៦១៥,៤៩៧ ករណី) ការប្រើប្រាស់សេវាដោយប្រជាពលរដ្ឋក្រីក្រ ដែលគាំទ្រដោយកម្មវិធីមូលនិធិសមធម៌ របស់រាជរដ្ឋាភិបាល មានចំនួន៩៤២,៧០១ ករណី។
អ្នកជំងឺសម្រាកព្យាបាលរយៈពេលប្រាំមួយខែដើមឆ្នាំ មានចំនួនសរុប ៤១៨,៥៩២នាក់ (ក្នុងនេះអត្រាស្លាប់មាន ០,៧៤ភាគរយ នៃចំនួនអ្នកជំងឺសម្រាកព្យាបាលសរុប)។ ក្នុងករណីសម្រាកព្យាបាលសរុបខាងលើ (៤១៨,៥៩២នាក់) ការសម្រាកព្យាបាលរបស់ប្រជាពលរដ្ឋក្រីក្រ ដែលគាំទ្រដោយកម្មវិធីមូលនិធិសមធម៌ របស់រាជរដ្ឋាភិបាល មានចំនួន៤៧,៣៤៦នាក់។
ស្ដ្រីមកពិនិត្យផ្ទៃពោះរយៈពេលប្រាំមួយខែដើមឆ្នាំ មានចំនួនសរុប ៨៤០,៧៤៦នាក់។ ក្នុងករណីពិនិត្យផ្ទៃពោះសរុបខាងលើ (៨៤០,៧៤៦នាក់) ស្ដ្រីមានផ្ទៃពោះលើកទី២ មានចំនួន១៧០,៨១៨ និងលើកទី៤ មានចំនួន ១២៦,០៣០។
ស្ដ្រីសម្រាលកូនរយៈពេលប្រាំមួយខែដើមឆ្នាំ មានចំនួនសរុប១៣៣,២៣៣នាក់ (ក្នុងនោះមណ្ឌលសុខភាពសម្រាលក្នុង ៦៩,២៥០នាក់)។ ក្នុងករណីសម្រាលសរុបខាងលើ (៦៩,២៥០នាក់) ស្ដ្រីក្រីក្របានសម្រាលកូន ដែលគាំទ្រដោយកម្មវិធីមូលនិធិសមធម៌របស់រាជរដ្ឋាភិបាល មានចំនួន៩,៧៥៧នាក់។ ចំនួនអ្នកជំងឺសម្រាកពេទ្យ ចេញពីផ្នែកសង្គ្រោះបន្ទាន់ មានចំនួនសរុប ១៩,៣៩៨នាក់៕