(ព្រៃវែង)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១២ ខែកក្កដានេះ បានអញ្ជើញជាអធិបតី ក្នុងពិធីតាំងពិព័រណ៌ផ្សារណាត់បន្លែ និងផលិតផលសុវត្ថិភាព ដែលរៀបចំដោយ អគ្គនាយកដ្ឋានកសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រវែង។
ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្រ្តី វេង សាខុន បានណែនាំឲ្យអគ្គនាយកដ្ឋានកសិកម្ម ខិតខំឲ្យអស់លទ្ធភាព ក្នុងការផ្តល់វិញ្ញាបនបត្របញ្ជាក់ពីគុណភាព សុវត្ថិភាពបន្លែ ផ្លែឈើ និងផលិតផលផ្សេងៗ ដើម្បីធានា បាននូវតម្លាភាពទីផ្សារ សច្ចភាព និងយុត្តិធម៌ក្នុងការប្រកួតប្រជែង។
លោករដ្ឋមន្រ្តីក៏បានផ្ញើសារជូនកសិករ សហគមន៍ផលិតនៅទីនេះ និងនៅទូទាំងប្រទេសថា រាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឧបត្ថម្ភថវិកាក្នុងគោលបំណងផលិតពូជស្រូវក្រអូប និងផលិតបន្លែសុវត្ថិភាព ដើម្បីកាត់បន្ថយការនាំចូលធានា និរន្តរភាព នៃប្រាក់ចំណូលដល់កសិករខ្នាតតូច និងខ្នាតមធ្យម។ ដើម្បីឈានទៅសម្រេចបាននូវគោលបំណងនេះ លោករដ្ឋមន្រ្តី តាមរយៈអគ្គនាយកដ្ឋានកសិកម្ម បានណែនាំឲ្យមន្រ្តីអនុវត្តន៍គម្រោង ផលិតករ និងសហគមន៍ផលិត ត្រូវអនុវត្តន៍តាមគោលនយោបាយរបស់ក្រសួងដូចជា៖
ទី១៖ ធ្វើការបង្វែទិសដៅផលិត ពីការផលិតសម្រាប់ផ្គត់ផ្គង់គ្រួសារ ទៅជាការផលិតដើម្បីធ្វើកសិពាណិជ្ជកម្ម កែប្រែសួនបន្លែទៅជាចំការបន្លែ។
ទី២៖ បញ្ចូលបច្ចេកទេសផលិត ការជ្រើសរើសពូជ ការប្រើប្រព័ន្ធដំណក់ទឹក ការប្រើប្រាស់ផ្ទះសំណាញ់ ដើម្បីកាត់បន្ថយហានិភ័យ បង្កើនផលិតភាពផលិតកម្មលើផ្ទៃដីដដែល។
ទី៣៖ កែលម្អខ្សែច្រវាក់ផលិតកម្ម ផលិតតាមផែនការ ឬតាមកម្មវិធីច្បាស់លាស់ ផលិតតាមការបញ្ជាទិញ តាមតម្រូវការទីផ្សារ និងចាំបាច់ ត្រូវអនុវត្តន៍តាមគោលការណ៍អនុវត្តន៍កសិកម្មល្អ (GAP) ហើយត្រូវធ្វើកសិកម្មតាមកិច្ចសន្យា។
ទី៤៖ ត្រូវគិតគូរពីការកែច្នៃ វេចខ្ចប់ដើម្បីបង្កើនតម្លៃបន្ថែម ថែរក្សា ទុកដាក់ និងមធ្យោបាយដឹកជញ្ជូនផលិតផល ទៅកាន់ទីផ្សារ ដើម្បីផ្តល់សេវាឲ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។
បើតាមលោករដ្ឋមន្ត្រី ទាំងយន្តការ និងបច្ចេកទេសផលិតបាន និងកំពុងចូលរួមចំណែកយ៉ាងពេញលេញ ក្នុងការកសាងគោលនយោបាយ ស្តីពីការអភិវឌ្ឍវិស័យកសិកម្ម ឆ្នាំ២០១៩-ឆ្នាំ២០៣០ ដែលត្រូវប្រែក្លាយវិស័យកម្ពុជា ទៅកសិកម្មទំនើបកម្ម មានការប្រកួតប្រជែង ការបម្រែបម្រួលអាកាសធាតុ និងពិសេសឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ។
លោក ហ៊ាន វណ្ណហន អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានរាយការណ៍ជូនអង្គពិធីជ្រាបពីគម្រោងស្តីពី ការជំរុញផលិតកម្មស្បៀង (Boosting Food Production) ដែលបានការឧបត្ថម្ភពី រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នូវថវិកា២០.២៥លានដុល្លារអាមេរិក យកទៅអនុវត្តន៍ក្នុងខេត្តគោលដៅចំនួន១១ រួមមាន៖ ខេត្តតាកែវ កណ្តាល ព្រៃវែង កំពង់ស្ពឺ កំពង់ធំ កំពង់ចាម ពោធិ៍សាត់ កំពង់ឆ្នាំង បាត់ដំបង សៀមរាប និងខេត្តត្បូងឃ្មុំ ក្នុងបំណងផលិតពូជស្រូវក្រអូប និងផលិតបន្លែសុវត្ថិភាពប្រកបដោយនិរន្តរភាពក្នុង ទិសដៅកាត់បន្ថយការនាំចូល៕