(ត្បូងឃ្មុំ)៖ លោក វេង សាខុន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពុងសៀម ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១២ ខែកក្កដានេះ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយបងប្អូនសមាជិកបក្សទូទាំង ឃុំនាងទើត ស្រុកតំបែរ។
បើតាមរាយការណ៍ជូនពិធីជ្រាបដោយលោក សាំង សឿន មេឃុំនាងទើត ស្រុកតំបែរ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា មួយសប្តាហ៍កន្លងមក នៃយុទ្ធនាការឃោសនាបោះឆ្នោតឃើញថា មានស្ថានភាពស្ងប់ស្ងាត់ល្អ មានរបៀបនិងដំណើរការ បានត្រឹមត្រូវតាមការគ្រោងទុក។
ថ្លែងសំណេះសំណាលនាពេលនេះ លោក វេង សាខុន បានផ្តាំផ្ញើ និងណែនាំបន្ថែម ដល់សមាជិកក្រុមប្រឹក្សាឃុំទាំងអស់ នូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ទាំង១១ចំណុច។
ទន្ទឹមនឹងនេះ លោកក៏បានផ្តាំផ្ញើដល់សមាជិក-សមាជិកា នៃក្រុមការងារទាំងអស់ ខិតខំអនុវត្តន៍ការឃោសនាបោះឆ្នោត ទៅតាមច្បាប់ដែលបានកំណត់ ដោយហាមដាច់ខាត មិនយករថយន្តរដ្ឋមកប្រើប្រាស់ ក្នុងយុទ្ធនាការនេះ។
លោក វេង សាខុន បានជំរុញឲ្យសមជិក សមាជិកាបក្ស ត្រូវបង្កើនស្មារតី យកចិត្តទុកដាក់ខ្ពស់ ដើម្បីទប់ស្កាត់ឲ្យខាងតែបាន នូវរាល់សកម្មភាពញុះញង់ មួលបង្កាច់បែបអមិត្ត ក្នុងចេតនាបំផ្លិចបំផ្លាញ បរិយាកាសទាំងពេលឃោសនា និងក្នុងអំឡុងពេលបោះឆ្នោត។
ជាមួយគ្នានោះ លោក វេង សាខុន សូមឲ្យបងប្អូនសមាជិក ទៅពិនិត្យក្នុងបញ្ជីបោះឆ្នោះ និងអញ្ជើញទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៩ ខែកក្កដា ដែលមានលេខរៀងទី២០ ឲ្យបានគ្រប់ៗគ្នា៕