(កំពង់ចាម)៖ មកដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ ប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា លោក អូស្មាន ហាស្សាន់ និងលោកស្រី បានបន្តចុះជួបសំណេះសំណាល ជាមួយសកម្មជន និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា តាមបណ្តាភូមិ ឃុំនានា ក្នុងខេត្តកំពង់ចាម ដែលមានខ្មែរឥស្លាមរស់នៅច្រើន។
ជាក់ស្តែង នៅព្រឹកថ្ងៃទី១២ ខែកក្កដានេះ ពិធីជួបសំណេះសំណាល បានធ្វើឡើងនៅ២កន្លែងសំខាន់ៗគឺ នៅភូមិរការ សង្កាត់សំបួរមាស ក្រុងកំពង់ចាម និងភូមិទី១៣លើ ឃុំកោះសូទិន ស្រុកកោះសូទិន សរុបអ្នកចូលរួមជាង១,៤០០នាក់។
ថ្លែងក្នុងឱកាសនោះ លោក អូស្មាន ហាស្សាន់ បានលើកឡើងពីសមិទ្ធផលជាច្រើនលើសលប់ ជាគុណបំណាច់របស់គណបក្សប្រជាជានកម្ពុជា ដែលបានសាងជូន ប្រជាជាតិកម្ពុជា គឺជាមហាគូណូបការៈដែលមិនអាចកាត់ថ្លៃបាន ហើយពលររដ្ឋកម្ពុជាទាំងមូលដែលកូនចៅគ្រប់ជំនាន់មិនអាចបំភ្លេចបាន នូវគុណបំណាច់ដ៏មហាធំធេងនេះ ហើយក៏គ្មានអ្វីជាការសងគុណសម្រាប់យើងជាប្រជានុរាស្រ្ត ដែលកំពុងរួមរស់ក្រោមម្លប់សន្តិភាព ដែលដឹកនាំដោយ គណបក្សប្រជាជននេះទេ ក្រៅពីការគាំទ្រ និងត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជារៀងរាល់អាណត្តិ។
លោកបានថ្លែងអំណរគុណចំពោះការផ្តល់ទំនុកចិត្ត ការផ្ញើវាសនា និងគាំទ្រដោយឥតងាករេមកកាន់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាការផ្តល់កម្លាំងចិត្ត និងមោទនភាពដើម្បីគណបក្សប្រជាជនកម្ពុជា បានរួមរស់ជាមួយជាមួយពលរដ្ឋ និងបន្តនៅជាម្លប់កសាងសន្តិភាព ការអភិវឌ្ឍ រីកចម្រើនទៅមុខជាលំដាប់។
លោកប្រធានគណៈចលនា ក៏បានផ្តាំផ្ញើដល់បងប្អូន សូមកុំភ្លេចឲ្យសោះ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលនៅសល់ជាង១ខែទៀតប៉ុណ្ណោះ គឺត្រូវទៅបោះឆ្នោតឲ្យបានគ្រប់គ្នា សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលឈរលំដាប់លេខរៀងទី២០ ដើម្បីបានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បន្តនៅជានាយករដ្ឋមន្រ្តីនៅអាណត្តិនេះ និងនៅអាណត្តិក្រោយៗទៀត៕