(ភ្នំពេញ)៖ ប្រមុខគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងចេញដឹកនាំក្បួនបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតនាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។
យោងតាមលិខិតសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ផ្ញើទៅកាន់ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាតាមរាជធានី-ខេត្ត នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ការដឹកនាំក្បួនបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះ នឹងធ្វើការជួបជុំ ព្រមទាំងដង្ហែក្បួនចេញពីមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
បើតាមលិខិតដដែលនេះបានគូសបញ្ជាក់ថាថា មុននឹងចេញដង្ហែក្បួនសម្តេចប្រមុខបក្សកាន់អំណាច នឹងមានការថ្លែងសារនយោបាយជូនមហាជន ហើយការថ្លែងសារនេះ នឹងផ្សាយផ្ទាល់តាមទូរទស្សន៍ វិទ្យុ និងប្រព័ន្ធផ្សព្វផ្សាយដទៃទៀត ដែលបក្សបានជួលរួចរាល់ហើយនោះ។ ក្នុងនោះទូរទស្សន៍ Fresh News ដែលកំពុងទទួលបានការគាំទ្រខ្លាំងនោះ ក៏នឹងផ្សាយផ្ទាល់នូវព្រឹត្តិការណ៍នេះផងដែរ។
សូមបញ្ជាក់ថា ការចេញដឹកនាំក្បួនបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ គឺជាការដឹកនាំក្បួនឃោសនារកសំឡេងឆ្នោត ជាលើកទីពីរហើយ សម្រាប់ប្រមុខបក្សកាន់អំណាច។ កាលពីក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាឆ្នាំ២០១៧កន្លងទៅ សម្តេចតេជោ ហ៊ុន សែន ក៏បានចេញដឹកនាំយុទ្ធនាការឃោសនារកសំឡេងឆ្នោតបែបនេះផងដែរ។
ចាប់តាំងពីការបោះឆ្នោតឡើងដំបូងនាឆ្នាំ១៩៩៣ សម្តេចតេជោ ហ៊ុន សែន មិនដែលចេញដឹកនាំក្បួនឃោសនារកសំឡេងឆ្នោតនោះឡើយ ពោលប្រមុខបក្សរូបនេះតែងធ្វើសកម្មភាពខ្លាំងនៅមុនយុទ្ធនាការឃោសនារកសំឡេងឆ្នោតចូលមកដល់។ លុះដល់ថ្ងៃឃោសនារកសំឡេងឆ្នោត សម្តេចតេជោ ហ៊ុន សែន តែងតែរក្សាភាពស្ងប់ស្ងាត់។
ដូច្នេះសម្រាប់ការចេញដឹកនាំក្បួនឃោសនាដោយផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ខ្លាំង។ ជាពិសេសតាមរយៈសកម្មភាពនេះ បានបង្ហាញថា ប្រមុខបក្សកាន់អំណាចរូបនេះ បានផ្តល់តម្លៃខ្ពស់លើការប្រកួតប្រជែងជាលំអាននៃលទ្ធិប្រជាធិបតេយ្យដែលកម្ពុជាកំពុងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននោះ៕