(ភ្នំពេញ)៖ គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ បានចុះបង្ក្រាបទីតាំងស្តុកម៉ូតូ របស់ក្រុមហ៊ុនចិនមួយកន្លែងដែលមានយីហោ បូឌីង អ៊ីនវេសមិន ខូអិលធីឌី (BODING INVESTMENT Co.,Ltd.) ដែលបានក្លែងបន្លំម៉ាករបស់ក្រុមហ៊ុនហុងដា ក្នុងនោះសមត្ថកិច្ចបានរកឃើញម៉ូតូជាង៤០០គ្រឿង ព្រមទាំងគ្រឿងបន្លាស់ជាច្រើនទៀត។
ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងទីតាំងស្តុកម៉ូតូក្រុមហ៊ុនចិនតែម្តង ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោក ជ័យ រិទ្ធី អុនប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ បានប្រាប់ឲ្យដឹងថា ប្រតិបត្តិការខាងលើដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង គុជ គឹមឡុង និងមានចូលរួមពីសមត្ថកិច្ចមូលដ្ឋានផងដែរ បានចុះទៅត្រួតពិនិត្យ ឆែកឆេ ឃ្លាំងស្តុក និងដំឡើងម៉ូតូស៊េរីទំនើប ដែលមានអ្នកគ្រប់គ្រង ឈ្មោះ LUO YUN ភេទប្រុស ជានជាតិចិន អាយុ៤៥ឆ្នាំ និងទី២ ឈ្មោះ GOU HUAJIN ភេទប្រុស ជនជាតិចិន អាយុ២០ឆ្នាំ។
ជាលទ្ធផល សមត្ថកិច្ចបានរកឃើញម៉ូតូក្លែងបន្លំម៉ាក និងម៉ូឌែលជាង៤០០គ្រឿងក្នុងនោះមាន៖
* ម៉ាក Zoomer-X ចំនួន ២២៤គ្រឿង
* ម៉ាក MSL-S1 ចំនួន ១០០គ្រឿង
* ម៉ាក Scoopy ចំនួន ៣១គ្រឿង
* ម៉ាក Ducati ចំនួន ០៣គ្រឿង
* ម៉ាក Dream ចំនួន ០៣គ្រឿង
* ម៉ូតូធំផ្សេងៗ ចំនួន ២០គ្រឿង
* តែម Zoomer-X -MSL-S1 -Scoopy -Ducati -Dream ចំនួន០៤កេស -ប្រេងសម្រាប់លាយ ប្រេងម៉ាស៊ីន ចំនួន ៣៦ប្រអប់ និងគ្រឿងបន្លាស់មួយចំនួន។
ក្រោយប្រតិបត្តិការបានបញ្ចប់ គណៈកម្មការខាងលើ បានដកហូតម៉ូតូចំនួន៤គ្រឿង ស្មើនឹងបួនប្រភេទ យកទៅធ្វើកោសល្យវិច្ច័យ និងជាវត្ថុតាង ដោយបានហៅជនជាតិចិន២នាក់ ទៅសាកសួរនៅនាយកដ្ឋានជំនាញក្រសួងមហាផ្ទៃ។ ដោយឡែក ឃ្លាំងខាងលើ ត្រូវបានតុលាការសម្រេចបិទជាបណ្តោះអាសន្ន រង់ចាំស្រាវជ្រវ និងធ្វើតេស្តផលិតផលបន្តទៀត៕