(កំពង់ចាម)៖ នាឱកាសចុះយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ លោក ប៉ាន សូរស័ក្តិ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃឈរ និងជាបេក្ខជនតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា សម្រាប់មណ្ឌលខេត្តកំពង់ចាម បានបង្ហាញជំនឿថា ដរាបណាគណបក្សប្រជាជនកម្ពុជា នៅតែមានឱកាសដឹកនាំប្រទេសកម្ពុជា នោះកំណើនសេដ្ឋកិច្ចជាតិ នៅតែមានស្ថិរភាពរឹងមាំជានិច្ច។
«គណបក្សប្រជាជនកម្ពុជា មានធនធានមនុស្ស និងលក្ខណៈសម្បត្តិគ្រប់គ្រាន់! យើងមានថ្នាក់ដឹកនាំពោរពេញដោយសមត្ថភាព បទពិសោធន៍ និងចក្ខុវិស័យច្បាស់លាស់ ដើម្បីចងក្រងគោលនយោបាយ និងដាក់ចេញយុទ្ធសាស្ត្ររក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ហើយកិច្ចការនេះ គណបក្សបានធ្វើដោយជោគជ័យ អស់រយៈពេល ២ទស្សវត្សរ៍ មកហើយ។ ខ្ញុំជឿថា បើសិនជាគណបក្សប្រជាជនកម្ពុជា នៅតែបន្តដឹកនាំប្រទេស នោះកំណើនសេដ្ឋកិច្ច នៅតែសម្រេចបានក្នុងរង្វង់ ៧% ហើយភាពក្រីក្រនឹងបន្តធ្លាក់ចុះក្រោម ១០%»។ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។
លោកប្រធាន បានលើកឡើងដូច្នេះ នៅចំពោះមុខប្រជាពលរដ្ឋប្រមាណជាង ១,០០០នាក់ ដែលអញ្ជើញមកពីឃុំល្វា និងឃុំព្រៃឈរ នៃស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្រោមការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងសមាជិក-សមាជិកានៃក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃឈរជាច្រើនរូប។
នៅក្នុងឱកាសនោះ លោកប្រធាន ប៉ាន សូរស័ក្តិ បានជម្រាបជូនប្រជាពលរដ្ឋ និងសមាជិកទាំងអស់ អំពីអត្ថន័យ និងសារៈសំខាន់នៃគោលនយោបាយទាំង ១១ខ របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០១៨-២០២៣។ គោលនយោបាយទាំងអស់នេះ គឺជាចក្ខុវិស័យ និងទិសដៅផែនការសកម្មភាព រយៈពេល៥ឆ្នាំ ដែលគណបក្សត្រូវអនុវត្តន៍ ដើម្បីលើកកម្ពស់គុណភាពជីវិត និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងបន្តដឹកនាំប្រទេសកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍលើគ្រប់វិស័យ។
ទន្ទឹមគ្នានោះ លោកប្រធាន ក៏បានថ្លែងសារនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលមានខ្លឹមសារផ្តោតសំខាន់លើសមិទ្ធផលធំៗ និងស្នាដៃដឹកនាំរយៈពេល ៣៩ឆ្នាំ របស់គណបក្សប្រជាជនកម្ពុជា ក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិ ចេញពីគំនរផេះផង់នៃភ្លើងសង្គ្រាម រហូតទទួលបានសុខសន្តិភាព និងវឌ្ឍនភាព ព្រមទាំងកិត្តិនាមល្បីរន្ទឺនៅលើឆាកអន្តរជាតិ។
បន្ថែមលើនេះទៀត លោក ប៉ាន សូរស័ក្តិ ក៏បានថ្លែងអំណរគុណដល់សមាជិក-សមាជិកាទាំងអស់ ដែលកន្លងមក តែងជឿជាក់ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល និងបានផ្តល់យុត្តិធម៌ជូនគណបក្សប្រជាជនកម្ពុជា។ លោកប្រធាន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសមាជិក-សមាជិកាទាំងអស់ នាំគ្នាទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី២០ នៅលើសន្លឹកឆ្នោត ដើម្បីទទួលបានសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៦ និងនីតិកាលបន្តបន្ទាប់ទៀត៕