(កំពង់ចាម)៖ អតីតសមាជិកក្រុមប្រឹក្សាស្រុកចំការលើ ខេត្តកំពង់ចាមម្នាក់ទៀត មកពីអតីតគណបក្សសង្គ្រោះជាតិ គឺលោក ប៉ែន ភាព នៅពេលនេះបានប្រកាសចូលរួមជីវភាពនយោបាយ ជាមួយគណ បក្សប្រជាជនកម្ពុជា បន្ទាប់ពីលោកបានចំណាយពេលស្ទើរតែពាក់កណ្តាលជីវិតទៅហើយ រួមរស់ជាមួយអតីតបក្សប្រឆាំង ចាប់តាំងពីគណបក្ស សម រង្ស៊ី មកម្ល៉េះ។
អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះថា លោក ប៉ែន ភាព ដែលមានអាយុ៦០ឆ្នាំ បានប្រកាសមកចូលរួមជាមួយ គណបក្សប្រជាជនកម្ពុជា ចាប់ពីពេលនេះតទៅ បន្ទាប់ពីលោកបានមើលឃើញថា មានគណបក្សប្រជាជនទេ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធាន គណបក្ស ដែលអាចរក្សាសន្តិភាព និងការអភិវឌ្ឍន៍ជូនជាតិមាតុភូមិបានពេញលេញ។
បើតាមលោក គួច ចំរើន បានបញ្ជាក់បន្ថែមទៀតថា លោក ប៉ែន ភាព ជាអតីតសមាជិកដ៏ខ្លាំងម្នាក់របស់គណបក្ស សម រង្ស៊ី ប្រចាំស្រុកចំការលើ ខេត្តកំពង់ចាម បានជាប់អតីតសមាជិកក្រុមប្រឹក្សា ហើយនៅពេលមានវត្តមានគណបក្សសង្គ្រោះជាតិ លោក ប៉ែន ភាព ក៏នៅតែជាប់ជាសមាជិកក្រុមប្រឹក្សាស្រុកដដែល។ លោក ប៉ែន ភាព ជាមនុស្សម្នាក់ដែលបាននាំលោក កឹម សុខា ទៅទិញចំការរាប់សិបហិកតា នៅឃុំតាអុង ស្រុកចំការលើនេះឯង។ នេះជាការឲ្យដឹងបន្ថែមពីលោក គួច ចំរើន។
ក្នុងនាមជាអនុប្រធានគណបក្សប្រជាជនកម្ពុជា នៅខេត្តកំពង់ចាម លោក គួច ចំរើន សូមប្រកាសស្វាគមន៍ចំពោះឆន្ទះ ពិតប្រាកដរបស់លោក ប៉ែន ភាព ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវមកចូលរួម ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសជាតិកាន់តែរុងរឿងឡើង ជូនដល់ពលរដ្ឋខ្មែរទាំងអស់ទាំងជំនាន់នេះ និងទុកជូនកូនចៅជំនាន់ក្រោយ។
ជាការកត់សម្គាល់ ការប្រកាសចូលរួមជីវភាពនយោបាយជាមួយបក្សកាន់អំណាច ពីសំណាក់អតីតមន្រ្តីជាន់ខ្ពស់បក្សប្រឆាំងរូបនេះ បានកើតចំពេលដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តសម្រាប់ អាណត្តិទី៦ នឹងធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ពោលសល់តែ១៧ថ្ងៃទៀតប៉ុណ្ណោះ៕