(ភ្នំពេញ)៖ ក្រោមកិច្ចគាំទ្រពីសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ សាកលវិទ្យាល័យឥន្ទ្រវិជ្ជា បានសហការជាមួយសាកលវិទ្យាល័យ និងវិទ្យាស្ថានចំនួន១៧ របស់ប្រទេសចិន បានរៀបចំនូវកម្មវិធីផ្សព្វផ្សាយអាហារូបករណ៍ ជូនដល់សិស្ស-និស្សិតកម្ពុជា ដែលមានបំណងចង់ ទៅបន្តការសិក្សានៅប្រទេសចិន។
លោកបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា បានថ្លែងអំណរគុណដល់សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ដែលបានគាំទ្រ និងលើកទឹកចិត្ដដល់បេសកកម្មការងាររបស់សាកលវិទ្យាល័យ ក្នុងកិច្ចបង្កើនបរិមាណអាហារូបករណ៍ ទៅបន្តការសិក្សា នៅប្រទេសចិន ហើយបានផ្តល់ឱកាសកាន់តែច្រើនដល់យុវជនកម្ពុជា បានស្វែងយល់កាន់តែស៊ីជម្រៅពីប្រព័ន្ធ នៃការអប់រំកម្រិតឧត្តមសិក្សា និងលក្ខខណ្ឌក្នុងការទទួលបានអាហារូបករណ៍ ទៅបន្តការសិក្សានៅប្រទេសចិន។
លោក អ៊ី ដា អគ្គលេខាធិការវិទ្យាស្ថានប៉េកាំង សម្រាប់កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរអន្តរជាតិបានរំលេចពីទំនាក់ទំនងដ៏ល្អ រវាងសាកលវិទ្យាល័យឥន្ទ្រវិជ្ជា សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងវិទ្យាស្ថានប៉េកាំង ក្នុងការរៀបចំនូវកម្មវិធីជំនួបប្រកប ដោយអត្ថន័យនេះ ហើយលោកស្វាគមន៍យុវជនកម្ពុជា ទៅបន្តការសិក្សានៅប្រទេសចិន ដោយសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ជាទម្រដ៏រឹងមាំ នៃកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានឧត្តមសិក្សា នៃប្រទេសយើងទាំងពីរ និងជាស្ពាន នៃការចម្លងសិស្ស-និស្សិតកម្ពុជា ទៅបន្តការសិក្សា នៅប្រទេសចិន។
លោក ឃុត ចាន់ដារ៉ា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានគូសបញ្ជាក់ថា តាមរយៈសន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបយុវជនកម្ពុជា នាសម័យតេជោ សែន ពិតជាមានសំណាងយ៉ាងក្រៃលែង ក្នុងការទទួលបានឱកាសទៅបន្តការសិក្សានៅបរទេស ជាពិសេសប្រទេសចិន។
លោកបានលើកទឹកចិត្តដល់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា និងមិត្តចិនក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់អាហារូបករណ៍បន្ថែម ជូនដល់សិស្ស-និស្សិត យុវជនកម្ពុជា ទៅបន្តការសិក្សានៅប្រទេសចិន។
គួរបញ្ជាក់ថា សាកលវិទ្យាល័យឥន្ទ្រវិជ្ជារៀបចំកម្មវិធីនេះ ក្នុងគោលបំណងសំខាន់២ គឺអបអរសាទរខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹង និងពង្រីកបន្ថែមទៀត នូវធនធានមនុស្សនៅកម្ពុជា។ អាហារូបករណ៍ដែលផ្តល់ជូន ដល់និស្សិតកម្ពុជា នាថ្ងៃនេះមាន៤០០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ លើ៧០មុខជំនាញ៕