(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ បានបើកការដ្ឋានសាងសង់ ផ្សារទំនើប ជីប ម៉ុង សែនសុខ (Chip Mong Sensok Mall) ពីមុខគម្រោង ដឹ ផាក លែន សែនសុខ ស្ថិតនៅតាមបណ្ដោយផ្លូវឧកញ៉ា ម៉ុង ឫទ្ធី។ ការសាងសង់ផ្សារទំនើបនេះ នឹងបញ្ចប់នៅត្រីមាសទី១ ឆ្នាំ២០២០។

ផ្សារទំនើប ជីប ម៉ុង សែនសុខ នឹងផ្តល់ទីតាំងដ៏ប្រណិត សម្រាប់បើកហាងលក់គ្រឿងឧបភោគបរិភោគគ្រប់បែបយ៉ាង កន្លែងញ៉ាំអាហារ និងភេសជ្ជៈផ្សេងៗ កន្លែងកុមារលេងកម្សាន្ត ហាងលក់សម្លៀកបំពាក់ទូទៅ និងសម្លៀកបំពាក់កីឡាស្លាកយីហោល្បីៗ ក្លឹបហាត់ប្រាណ ជាពិសេសរោងភាពយន្តដ៏ទំនើបទាន់សម័យ។

អគារកម្ពស់៤ជាន់ រចនាដ៏ស៊ីវិល័យ អាចចតឡានបាន៤០០គ្រឿង និងម៉ូតូ៤០០គ្រឿង ព្រមទាំងមានប្រព័ន្ធការពារសុវត្ថិភាពខ្ពស់។ ផ្សារទំនើប ជីប ម៉ុង សែនសុខ វិនិយោគដោយក្រុមហ៊ុន ជីប ម៉ុង រីថេល ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ជីប ម៉ុង។

កន្លងមកក្រុមហ៊ុន ជីប ម៉ុង រីថេល ទើបតែបានបើកការដ្ឋានសាងសង់អគារពាណិជ្ជកម្មបាក់ទូក ដែលនឹងមានផ្សារទំនើបរបស់ ជីប ម៉ុង រីថេល អគារការិយាល័យសម្រាប់ជួល ធនាគារ -ល- ។ ក្រុមហ៊ុន ជីប ម៉ុង រីថេល ក៏នឹងបើកការដ្ឋាន ផ្សារទំនើបខ្នាតយក្សដ៏ប្រណិតមួយទៀត ក្នុងពេលដ៏ឆាប់ៗនេះផងដែរ៕