(ចិន)៖ សន្និសីទថ្នាក់ជាតិលើកទី៤ ស្តីអំពីការជំនុំជម្រះបណ្តឹងកម្មសិទ្ធិបញ្ញា ដែលបានធ្វើឡើងនៅខេត្តសានតុង ភាគខាងកើតនៃប្រទេសចិន នៅថ្ងៃចន្ទកន្លងមកនេះ មានគោលបំណងការពារកម្មសិទ្ធិបញ្ញា និងប្រឆាំងនឹងការប្រកួតប្រជែងមិនស្មើភាព។
ចំនួននៃការជំនុំជម្រះថ្មីៗ ពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា បានកើនឡើងគួរឲ្យកត់សម្គាល់ពី ១សែនករណីក្នុងឆ្នាំ២០១៣ មកជា២សែន១ម៉ឺន៣ពាន់ករណី ក្នុងឆ្នាំ ២០១៧។
លោកស្រី ថាវ ខាយយ័ន អនុប្រធានតុលាការកំពូលចិន បាននិយាយថា តុលាការកំពូលនឹងព្យាយាមការពារកម្មសិទ្ធិបញ្ញា ព្រមទាំងផ្តល់ជូននូវការប្រកួតប្រជែងមួយដែលស្មើភាព។
លោកស្រី ថាវ ខាយយ័ន ថ្លែងថា «ពួកយើងនឹងប្រើគ្រប់មធ្យោបាយផ្នែកច្បាប់ ដែលមានទាំងអស់ ដើម្បីបញ្ឈប់ស្លាកសញ្ញាដែលខុសច្បាប់ ព្រមទាំងគ្រប់គ្រងការ ចុះបញ្ជីស្លាកសញ្ញា ប្រកបដោយប្រសិទ្ធភាព។ ពួកយើងនឹងគោរពតាមគោលការណ៍ ដែលតំរូវឲ្យការចុះបញ្ជីស្លាកសញ្ញាទាំងអស់ ត្រូវធ្វើឡើងដើម្បីបម្រើយ៉ាងពិតប្រាកដ ដល់ការប្រើប្រាស់ស្លាកយីហោនោះ។ ពួកយើងក៏នឹងអនុវត្តតាមមាត្រាទី៤នៃ ច្បាប់ស្លាកសញ្ញានៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីទប់ស្កាត់ការប្រើប្រាស់ស្លាកសញ្ញាក្លែងក្លាយ»។
តុលាការកំពូលបានបញ្ជាក់ថា ខ្លួននឹងប្រុងប្រយ័ត្នបន្ថែមទៀត ចំពោះការជំនុំជម្រះដែលពាក់ព័ន្ធនឹងអ៊ីនធើណេត ទិន្នន័យធំ និងបញ្ញានិម្មិត AI (Artificial Intelligence) ។
លោកស្រី ថាវ ខាយយ័ន ថ្លែងថា «ពួកយើងនឹងប្រុងប្រយ័ត្នអំពីបច្ចេកវិទ្យាថ្មី និងក្បួនធ្វើអាជីរកម្មថ្មីៗ។ សម្រាប់បច្ចេកវិទ្យា ផលិតផល និងក្បួនអាជីវកម្មថ្មី ដែលមិនប្រាកដប្រជា មិនច្បាស់លាស់ អាចដាក់លក់លើទីផ្សារបាន និងមានប្រជាប្រិយភាព ពួកយើងគួរជំនុំជម្រះវាដោយប្រុងប្រយ័ត្ន និងគិតគូរដល់ផលប្រយោជន៍ដ៏យូរអង្វែងដែលអាចជួយដល់ការច្នៃប្រឌិត ការប្រកួតប្រជែងស្នើភាពគ្នា និងអតិថិជន នៅពេលយើងសម្រេចចិត្តថា ត្រូវយកច្បាប់មួយណាមកអនុវត្ត»៕ (សារព័ត៌មាន CCTV របស់ចិន)