(ចិន)៖ បើទោះបីជាក្រុមអាល្លឺម៉ង់ បានត្រឡប់ទៅផ្ទះវិញ ក្រោយពីចាញ់ការប្រកួតបាល់ទាត់ពិភពលោក World Cup ក៏ដោយ ក៏ស្រាបៀរអាល្លឺម៉ង់ នៅតែមានប្រជាប្រិយភាព ក្នុងប្រទេសចិនដដែល។ ដោយមានអតិថិជនដ៏ស្មោះស្ម័គ្រជាច្រើន នៅប្រទេសចិន ស្រាបៀរអាល្លឺម៉ង់ កំពុងលក់ដាច់យ៉ាងខ្លាំងក្នុងអំឡុងរដូវកាល World Cup នេះ។

លោក យ៉ាន់ យូរច័រ ម្ចាស់ហាង Cool Beer បាននិយាយថា «ក្នុងរដូវកាល World Cup នេះ មានអតិថិជនជាច្រើនបានមកហាងរបស់យើង ដោយសារពួកគេចង់ភ្លក្សរសជាតិ ស្រាបៀរអាល្លឺម៉ង់ ជាពិសេស គឺនៅពេលដែលក្រុមអាល្លឺម៉ង់កំពុងលេងតែម្តង»។លោក យ៉ាន់ បានបើករង្គសាលស្រាបៀរនេះ កាលពី៤ឆ្នាំមុន ដោយសារលោកចូលចិត្តផឹកស្រាបៀរ ដែលមានរសជាតិឆ្ងាញ់។

លោក យ៉ាន់ យូរច័រ និយាយថា «ខ្ញុំចូលចិត្តណែនាំគេឯងឱ្យភ្លក្សស្រាបៀរ ដែលខ្ញុំបានភ្លក្សខ្លួនឯងជានិច្ច។ ហើយក្នុងចំណោមស្រាបៀរ ដែលខ្ញុំណែនាំទាំងអស់ មាន១ភាគ៣ទៅហើយ ដែលជាស្រាបៀរអាល្លឺម៉ង់»។ហើយអតិថិជននៅហាងនេះ ក៏ចូលចិត្តស្រាបៀរអាល្លឺម៉ង់ដែរ។អតិថិជនម្នាក់និយាយថា «ស្រាបៀរអាល្លឺម៉ងពិតជាមានរសជាតិស្រទន់មែន។ ហើយវាមិនសូវមានចំណុចខ្វះខាតនោះទេ»

អតិថិជនម្នាក់ទៀត និយាយថា «ដោយសារវាមានរសជាតិឆ្ងាញ់ហើយសំបូរពពុះ ស្រាបៀរអាល្លឺម៉ង់ គឺពិតជាសាកសមនឹងតម្លៃរបស់វាមែន»

បន្ទាប់ពីអាល្លឺម៉ងបានលើកពាន World Cup កាលពីឆ្នាំ២០១៤ ស្រាបៀរអាល្លឺម៉ង ក៏លក់កាន់តែដាច់នៅក្នុងប្រទេសចិន។ ប៉ុន្តែការលក់ស្រាបៀរអាល្លឺមំង់កាលពីឆ្នាំមុន បានធ្លាក់ចុះ៣ភាគរយ ដោយសារទីផ្សារចិន មានស្រាបៀរច្រើនប្រភេទពេក។ នេះបើតាមសមាគមអ្នកផលិតស្រាបៀរអាល្លឺម៉ង់។

លោក ស៊ី ហៃឡុង គឺជាអ្នកចែកចាយគ្រឿងស្រវឹងក្នុងស្រុកម្នាក់។ លោកបានប្រមូលស្រាបៀរ ដែលនាំចូលពីបរទេសជាច្រើនប្រភេទ រួមទាំងស្រាបៀរអាល្លឺម៉ង់ចំនួន១០ម៉ាកផង។លោកស៊ី ទទួលស្គាល់ថា ការលក់ស្រាបៀរនៅចិន គឺពិតជាមានការកើនឡើងយឺតមែន។

លោក ស៊ី ហៃឡុង បាននិយាយថា «ការលក់ដូរស្រាបៀរអាល្លឺម៉ង់ដែលល្បីៗ នៅតែពេញនិយមដដែលទេ ក្នុងប្រទេសចិន បើទោះបីជាអ្នកលក់ចំណេញបានតិចក៏ដោយ។ ដូច្នេះ ដោយសារតែតម្រូវការទីផ្សារបច្ចុប្បន្ន អ្នកចែកចាយស្រាបៀរទាំងអស់ គ្មានជម្រើសអ្វីក្រៅពីបន្តនាំចូលនោះទេ»

សម្រាប់ស្រាបៀរដែលល្បីខ្លាំង ការលក់បានកើនឡើងដល់ទៅ១០ដងឯណោះក្នុងអំឡុងការប្រកួត World Cup នេះ។ ពោលគឺកើនឡើងពី២ពាន់កំប៉ុង ឡើងដល់២ម៉ឺនកំប៉ុងក្នុងមួយខែ។

អ្នកគាំទ្រក្រុមបាល់ទាត់អាល្លឺម៉ង់ ប្រហែលជាកំពុងខកចិត្ត ដែលក្រុមអាល្លឺម៉ង់ចាញ់ការប្រកួតនេះ។ ប៉ុន្តែសម្រាប់អ្នកចែកចាយស្រាបៀរអាល្លឺម៉ង់ឯណេះវិញ ពួកគេកំពុងសប្បាយចិត្តខ្លាំងណាស់ ដែលលក់ស្រាបៀរបានយ៉ាងច្រើនដូច្នេះ៕

(សារព័ត៌មាន CCTV របស់ចិន)