(ភ្នំពេញ)៖ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងជាប្រធានក្រុមការងារ ចុះជួយសង្កាត់ស្ទឹងមានជ័យទី២ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ បានថ្លែងអំពាវនាវ ឲ្យប្រជាពលរដ្ឋត្រៀមឯកសារសម្រាប់ការចូលរួមបោះឆ្នោត និងអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ពោលគឺសល់តែរយៈពេល១៧ថ្ងៃទៀតប៉ុណ្ណោះ។
ក្រៅពីការអំពាវនាវនេះ លោក ពេជ្រ កែវមុនី ក៏បានជំរុញឲ្យប្រជាពលរដ្ឋដែលមិនទាន់មានអត្តសញ្ញាប័ណ្ណ សូមប្រញាប់ទៅធ្វើឲ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមការបោះឆ្នោត និងបំពេញកាតព្វកិច្ច ជាពលរដ្ឋល្អ ក្នុងសង្គមជាតិ។
ការលើកឡើងរបស់ អភិបាលខណ្ឌមានជ័យ បានធ្វើឡើងខណៈលោកអញ្ជើញចូលរួមនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី២ ជាមួយប្រជាពលរដ្ឋចំនួន៣២២នាក់។ វេទិកានេះ ក៏មានការចូលរួមពីលោក ឌី ខេមារុណ អភិបាលរងខណ្ឌមានជ័យ លោកស្រី ទាវ ធីតា អនុប្រធាបគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់ស្ទឹងមានជ័យទី២ និងប្រជាពលរដ្ឋចំនួន៣២២នាក់ផងដែរ។
ទន្ទឹមនឹងនេះលោក ពេជ្រ កែវមុនី មានមតិសំណេះសំណាល និងស្វាគមន៍ ដោយបានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគតិបណ្ឌិត មានចក្ខុវិស័យវែងឆ្ងាយ បានធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។
ជាមួយគ្នានោះដែរ អភិបាលខណ្ឌមានជ័យ ក៏បានលើកឡើងក្នុងវេទិកាព្រឹកនេះ ដោយនិយាយធ្ងន់ៗលើ ចៅសង្កាត់ និងការិយាល័យជំនាញធ្វើរបាយការណ៍ពាក់ព័ន្ធនឹងការរស់នៅរបស់ប្រជាពលរដ្ឋ រដ្ឋបាលខណ្ឌ ដូចជា រដ្ឋបាលរាជធានីភ្នំពេញ ស្នើសុំគោលការណ៍រាជរដ្ឋាភិបាល សូមប្រទាន កម្មសិទ្ធិដល់ប្រជាពលរដ្ឋ៕