(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រុមប្រឹក្សាធម្មនុញ្ញ បានរៀបចំពិធីផ្សព្វផ្សាយអំពីសមត្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងការដោះស្រាយវិវាទកម្មទាក់ទងនឹង ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ ឆ្នាំ២០១៨។
ពិធីនេះបានធ្វើឡើង នៅអគារស វិមានរដ្ឋចំការមន រាជធានីភ្នំពេញ ក្រោមវត្តមានលោក តាំង រតនា អគ្គលេខាធិការ នៃក្រុមប្រឹក្សាធម្មនុញ្ញ,លោក ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការរង នៃក្រុមប្រឹក្សាធម្មនុញ្ញ, សមាជិកព្រឹទ្ធសភា រដ្ឋសភា តំណាងគ.ជ.ប តំណាងរបស់គណបក្សនយោបាយទាំង២០ ដែលបានចូលរួមប្រកួតប្រជែងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ ឆ្នាំ២០១៨ ផងដែរ។
គោលបំណង នៃពិធីនេះគឺចង់ឱ្យគ្រប់គណបក្សនយោបាយទាំងអស់ បានយល់ដឹងពីនីតិវិធី នៃការដាក់ពាក្យបណ្តឹង និងសមត្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងការដោះស្រាយវិវាទកម្មទាក់ទងនឹង ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ៕