(ភ្នំពេញ)៖ លោក ពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ បានសម្រេចដោះលែងជនត្រូវចោទម្នាក់ និងចេញដីកាឃុំខ្លួនជនត្រូវចោទម្នាក់ទៀត លើសំណុំរឿង «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» វាយកាប់ចាក់ បុរសជាអ្នកជិតខាងម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។
ការសម្រេចដោះលែងរបស់លោកចៅក្រម ពេជ្រ វិជ្ជាធរ គឺធ្វើឡើងបន្ទាប់ពី លោកព្រះរាជអាជ្ញារង សេង ហៀង បានសម្រេចចោទប្រកាន់ជនសង្ស័យ២នាក់ប្តី-ប្រពន្ធនេះ «ពីបទហឹង្សារដោយចេតនាមានស្ថានទម្ងន់ទោស» តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។
ពាក់ពន្ធ័ដល់បទចោទនេះ លោកព្រះរាជអាជ្ញារង សេង ហៀង បានប្រាប់អ្នកសារព័ត៌មានថា លោកបានបើកការស៊ើបសួរ និងសម្រេចចោទប្រកាន់ លើឈ្មោះ ស្លេះ យូសុះ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរឥស្លាម ជាប្តី និងឈ្មោះ ទ្បោះ សំរ៉ស់ ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិ ខ្មែរឥស្លាម ជាប្រពន្ធ មានទីលំនៅក្រុម៨ ភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ពីបទ «ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស»។
បើយោងតាមបទចោទប្រកាន់នេះ ជនត្រូវចោទប្រឈមការជាប់ពន្ធនាគារ ពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀល ទៅ១០លានរៀល ដោយមិនទាន់រាប់បញ្ចូលសំណងជំងឺចិត្ត ទៅកាន់ជនរងគ្រោះ។
លោកចៅក្រម ពេជ្រ វិជ្ជាធរ បានអនុវត្តតាមនីតិវិធីដោយសម្រេច ចេញដីកាឃុំខ្លួនប្តី និងដោះលែងប្រពន្ធឲ្យមានសេរីភាពវិញ តាមរយៈការដាក់ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។
គួររំលឹកថា សមត្ថកិច្ចខណ្ឌឬស្សីកែវ បានឃាត់ខ្លួនជនត្រូវចោទទាំង២នាក់ខាងលើ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ នៅផ្ទះរបស់ពួកគេ បន្ទាប់ពីពួកគេធ្វើសកម្មភាព ប្រើហិង្សាដោយយកកាំបិតបុ័ងតោ និងដែកបំពង់ទីប វាយលើជនរងគ្រោះ ឈ្មោះ ទ្បោះ ហ្វាហ្សី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មានទីលំនៅក្បែរផ្ទះជនត្រូវចោទ បណ្តាលឲ្យរងរបួសធ្ងន់៕