(ភ្នំពេញ​)៖ ករណី​ប្រមាថ​ព្រះ​ចេស្តា​ ព្រះ​មហាក្សត្រ​ លោក​សៀង​ សុខ​ ព្រះ​រាជ​អាជ្ញា​រង​ អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បានកោះ​ហៅ​ទណ្ឌិត​ សម​ រង្ស៊ី​ មេចលនាសង្រ្គោះជាតិ ឱ្យចូល​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​ទី​១២​ ខែ​កក្កដា​ ឆ្នាំ​២០១៨​នេះ។

សូម​បញ្ជាក់​ថា​ ករណីនេះ លោក​ អង្គ​ វង្ស​ វឌ្ឍនា​ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ បានធ្វើអធិបញ្ជាឱ្យ​តំណាង អយ្យការអមសាលាដំបូង​រាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់ ចំពោះលោកសម រង្ស៊ី ដែលប្រមាថ ព្រះមហាក្សត្រ ដោយចោទថា ព្រះរាជសាររបស់ព្រះអង្គ គឺក្លែងក្លាយ។

វិធានការរបស់ លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បាន​ធ្វើ​ឡើងស្របពេលដែលមានការងើបទាមទារឱ្យតុលាការកម្ពុជា ចាត់វិធានការឱ្យបានម៉ឺងម៉ាត់ តាមច្បាប់ ចំពោះទណ្ឌិត សម រង្ស៊ី មេចលនាសង្រ្គោះជាតិ ដែលបាន​ប្រមាថថា ព្រះរាជសារព្រះមហាក្សត្រ ជាទីសក្ការៈ ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ដែលអំពាវនាវ ឱ្យប្រជាពល រដ្ឋទៅបោះឆ្នោត នាចុងខែកក្កដា ខាងមុខនោះ គឺជាព្រះរាជសារក្លែងក្លាយ និងគ្មានតម្លៃ ទោះបីជាព្រះបរមរាជវាំងចេញមុខប្រកាសថា ព្រះរាជសារនោះ ជាព្រះរាជសារពិតប្រាកដ មិនក្លែងក្លាយក៏ដោយ​ ៕