(ភ្នំពេញ)៖ នៅក្នុងសង្គមខ្មែរយើង តាំងពីដើមមកដល់បច្ចុប្បន្ន មានមនុស្សចោលម្សៀតបីជំពូក ដែលធ្វើជារនាំងសម្រាប់ការអភិវឌ្ឍន៍ប្រទេស។ ពួកគេជាក្រុមមនុស្សដែលតាំងខ្លួនជាជើងឯកគ្រប់យ៉ាងតែការពិតជាក់ស្តែងមិនបានធ្វើអ្វីទាល់តែសោះក្រៅតែពីសូត្រទ្រឹស្តី និងធ្វើជាឧបសគ្គដល់ការរីក លូតលាស់របស់ប្រទេស។
ជំពូកទី១៖ គឺក្រុមអ្នកនយោបាយចោលម្សៀត៖ ក្រុមនេះពេលប្រទេសជាតិជួបគ្រោះអាសន្ន ដែលធ្វើឲ្យខ្មែរស្លាប់ស្ទើរផុតពូជ នាំគ្នាលាក់មុខដូចសត្វពង្រូល ឬសត្វអណ្តើកក្នុងស្នូក។ ពួកគេរត់ទៅសម្ងំសុខនៅឯបរទេស យ៉ាងសប្បាយរីករាយ ចង់ខ្មែរ ស្លាប់អស់ក៏អស់ទៅចុះ មិនខ្វល់។ ប៉ុន្តែ ពេលមានអ្នកចេញមុខតតាំងយកជីវិតធ្វើដើមទុន និងបានរៀបចំប្រទេស ស្រួលបួលហើយ ស្រាប់តែនាំគ្នាជិះយន្តហោះ ពាក់ក្រវ៉ាត់ក អាវធំ មកស្រែកឆ្ការដៃឆ្ការជើងថា ខ្លួនជាបិតាប្រជាធិបតយ្យដែលមកសង្គ្រោះប្រទេសនេះឲ្យរួចផុតពីគ្រោះថ្នាក់។ ពួកគេគឺជាក្រុមអ្នកនយោបាយគង់ហ៊ានដូច បទចម្រៀង៖ «ក្របីស៊ីស្រូវបងមិនសូវហ៊ានដេញ ក្របីថយចេញបងដេញឲ្យអូនមើល។ ក្រពើក្នុងទឹកបងមិនសូវហ៊ានចាប់ ក្រពើងាប់ស្រាប់បងចាប់ឲ្យអូនមើល។ ការ៉ុងមានស្រូវបងមិនសូវហ៊ានលី ការ៉ុងទទេបងលីឲ្យអូនមើល»។
ក្រុមអ្នកនយោបាយស៊ីឡាក ទាំងនោះដែលពាក់ស្លាក មហាអំណាចនៅពីក្រោយខ្នងបានផ្តើមសម្តែងតួធ្វើជា លាត់ដៃអាវ មូរជើងខោ ដើរកាត់ វាលស្រែបួនដប់ម៉ែត្រ ចង្អុលលិច ចង្អុលកើត ស្រែកឡូឡាថា យួនយកដីខ្មែរអស់ហើយ រួចក៏ ប្រញាប់ឡើងឡានទំនើប ម៉ាស៊ីនត្រជាក់ ជិះកាត់ផ្លូវស្អាត ភ្លឹង ឆ្លងស្ពានថ្មីសន្លាង ចូលហាងទំនើប ដេកក្នុងសណ្ឋាគារប្រណីត រួចហើយយកខួរក្បាល ប្រឌិតរឿងអាក្រក់ៗ បង្ហោះតាម ហ្វេសប៊ុកថា ស្រុកយើងក្រណាស់ ប្រជាជន យើងវេទនាណាស់ ដូច្នេះត្រូវតែផ្លាស់ប្តូរ។
វិធីផ្លាស់ប្តូររបស់ពួកគេទៀតសោតគឺ បើធ្វើតាមរយៈការបោះឆ្នោតពិតជាមិនឈ្នះទេពីព្រោះមិនអាចបោក ប្រជាពលរដ្ឋខ្មែរដែលបានជាសាក្សីផ្ទាល់ភ្នែកនៃដំណើរការ រីកលូតលាស់របស់ប្រទេសបានឡើយ។ ហើយប្រសិនបើមកប្រណាំងស្នាដៃ និងសមិទ្ធផលជាមួយគណបក្សដឹកនាំដោយលោក ហ៊ុន សែនរឹតតែមិនអាច ពីព្រោះសមិទ្ធផលរបស់គេមានគគោក ខណៈដែលខ្លួនមិនបានធ្វើអ្វីសូម្បីប៉ុនក្រចក។ ដូច្នេះវិធីមាន តែម្យ៉ាងគត់គឺ ញុះញង់បំបែកបំបាក់ បំបះបំបោរ ចាក់រុក ឲ្យមនុស្សស្អប់គ្នា។ យកអ្នកមានចាប់ភ្ជល់ជាមួយអ្នកក្រ, យកមន្ត្រីមកលាបពណ៌ចាប់ភ្ជល់ជាមួយរាស្ត្រធ្វើឲ្យខ្មែរក្លាយជាសត្រូវនឹងគ្នាដើម្បីងាយស្រួលបញ្ឆេះកំហឹងចលនាបដិវត្តពណ៌ ធ្វើឲ្យប្រទេសជួបនឹងភាពឆោឡោរួចឆក់ឱកាសផ្តួលរំលំគេដើម្បីឡើងកាន់អំណាចខ្លួនឯង។
សកម្មភាពរបស់ក្រុមអ្នកនយោបាយចោលម្សៀត ទាំងនោះគឺ ប្រឆាំងគ្រប់រឿងមិនថារឿងនោះល្អឬអាក្រក់ ខុសឬត្រូវឡើយពោលគឺបើរដ្ឋាភិបាលទៅស្តាំពួកគេទៅឆ្វេង បើបក្សកាន់អំណាចទៅលិច ពួកគេទៅកើត គឺធ្វើយ៉ាងណាចាំខ្ទាស់ ឬប៉ែងជើងកុំឲ្យការដឹកនាំប្រទេសដំណើរការទៅមុខដោយស្រួល។
ជំពូកទី២៖ គឺក្រុមសង្គមស៊ីវិលចោលម្សៀត៖ ក្រុមនេះក៏មិនខុសពីអ្នកនយោបាយចោលម្សៀតប៉ុន្មានដែរ។ ក្នុងសម័យកាលដែលប្រទេស និងប្រជាជនរងទុក្ខវេទនាបំផុត គ្មានឃើញពួកសិទ្ធិមនុស្ស ឬអង្គការ សង្គមស៊ីវិលណាមកស្រែកថ្កោលទោសពួកខ្មែរក្រហម និងចេញមុខធ្វើចលនាដើម្បីការពារសិទ្ធិពលរដ្ឋខ្មែរសូម្បីតែបន្តិចគឺ ស្ងាត់ឲ្យឈឹងដូចចោរលួចសេះ។ តែដល់ពេលខ្មែររួចផុតពីស្លាប់ មានសិទ្ធិសេរីភាព មានជីវភាពល្អ មានសាលារៀន មន្ទីរពេទ្យ មានចំណីអាហារ សម្លៀកបំពាល់ល្អ អាចប្របករបរអ្វីក៏បាន ស្រាប់តែនាំគ្នាចេញមុខព្រាតមិនដឹងមកពីទិសណាខ្លះ មកស្រែកឡូឡា ពាក់ស្បែកខ្លា អួតថាបិតា ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស គ្រប់គ្នា។
អង្គការសង្គមស៊ីវិល ៥០០០ ត្រូវបានបង្កើតឡើងក្នុងប្រទេសដ៏តូចមួយនេះ។ អង្គការខ្លះ មួយថ្ងៃមួយថ្ងៃគិតតែពីស្រែក រិះគន់បញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ យូរៗទៅអត់មានអីស្រែក សូម្បីប៉ូលិសចាប់ចោរ ទៅស្រែកការពារចោរថា ត្រូវគេរំលោភសិទ្ធិ ត្រង់ពលរដ្ឋអ្នករងគ្រោះដោយ សារចោរមិនខ្វល់។ លើសពីនេះ ពួក សង្គមស៊ីវិលចោលម្សៀត ទាំងនោះចាំតែតាមការពារពួកអ្នកនយោបាយចោលម្សៀត ដូចគ្នា។ ពួកគេតែងបង្កបញ្ហានេះ បញ្ហានោះមិនចេះចប់ ដល់ពេលអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការ នាំគ្នាស្រែកថា រំលោភសិទ្ធិមនុស្ស រំលោភសេរីភាពបញ្ចេញមតិ។ រឿងល្អប៉ុនដំរីមិនខ្ចីនិយាយ រឿងអាក្រក់ ប៉ុនចៃ និយាយមិនឈប់។
ក្រៅពីចាំចាប់កំហុសគេតូចតាចមក ពង្រីកឲ្យធំក្រុមនេះក៏មានជំនាញខាងការប្រឌិតរឿងដើម្បីចិញ្ចឹមអាជីពរបស់ខ្លួនផងដែរ ពីព្រោះគោលដៅរបស់ពួកគេគឺសរសេរគម្រោង ដោយបំប៉ោងសភាពការណ៍ឲ្យធំដើម្បីទាក់ទាញម្ចាស់ជំនួយឲ្យទម្លាក់លុយធំ។ ដូច្នេះបើអស់រឿង អស់សកម្មភាព អស់អីនិយាយ គឺអស់លុយ។ គោលដៅធំរបស់ពួកគេគឺលុយនេះឯង។ ដើម្បីលុយពួកគេសុខចិត្តបម្រើមហិច្ឆតាបរទេស សូម្បីបំផ្លាញជាតិខ្លួនឯងក៏ហ៊ានធ្វើ។
ជំពូកទី៣៖ គឺក្រុមមនុស្សចោលម្សៀតដែលចាំតែទើសគេ៖ ក្រុមនេះមួយថ្ងៃៗអង្គុយតែមុខ Computer ឬលេងតែហ្វេសប៊ុក។ និយាយពីទ្រឹស្តីវិញហៀរកែង តែការងារជាក់ ស្តែងគឺហ៊្សេរ៉ូ។ បន្តិចលើកទ្រឹស្តីអ្នកប្រាជ្ញនេះ ឬអ្នកប្រាជ្ញនោះមកបង្ហោះ ដោយតាំងខ្លួនជាអ្នកចេះដឹងជ្រៅជ្រះហើយប្រដៅគេប្រដៅឯង។ អង្គុយចាំតែចាប់កំហុសគេ បើគេធ្វើអីក៏ខុសរហូត តែខ្លួនឯងវិញមិនដែលបានធ្វើអ្វីសោះដើម្បីសង្គមក្រៅពីអង្គុយលេងហ្វេសប៊ុក និងចាប់កំហុសអ្នកដទៃហើយយកមកបង្ហោះរិះគន់។ ត្រឹមរិះគន់ដើម្បីស្ថាបនាមិនថ្វីទេ ប៉ុន្តែ ជាទូទៅគឺការរិះគន់បែបចំអកឡកឡឺយ បែបជាន់ពន្លិច! តើអស់លោកមានយល់អារម្មណ៍ ដល់អ្នកដែលខំធ្វើដែរឬទេ? ដោយសារបញ្ហាហ្នឹងហើយដែលការរិះគន់របស់អស់លោកគ្មានតម្លៃ ដែលគេមិនទទួលយក។
សរុបទៅ ក្រុមមនុស្សចោលម្សៀតទាំងបីជំពូកដូចបាន លើកឡើងខាងដើមគួរធ្វើខ្លួនឲ្យមានមសយាទជាងនេះ ដើម្បីចូលរួមទាំងអស់គ្នាក្នុងការរុញច្រាននាវាកម្ពុជាឲ្យលឿនលយទៅមុខក្នុងទិសដៅដ៏ត្រឹមត្រូវមួយ។ ពាក្យសុភាសិតបូរាណខ្មែរបាន ពោលថា «បើមិនបានជួយចូកជួយចែវ សូមកុំយកជើងរាទឹក»។ យ៉ាងណាមិញ បើសិនជាអស់លោកមិនបានធ្វើអ្វីជាប្រយោជន៍សង្គមទេ សូមកុំតែបង្កឧបសគ្គទៅបានហើយ។ ផ្ទុយទៅវិញ ប្រសិនបើនៅតែបន្តភាពចោលម្សៀតបែបនេះតទៅមុខទៀតនោះ ក្រុម ទាំងនេះ បើទោះជាមិនរលាយខ្លួនឯងក៏គង់ត្រូវគេរំលាយចោលដែរពីព្រោះទុក នាំចង្រៃស្រុក៕
ដោយ៖ ព្រឹទ្ធាចារ្យម្នាក់នៅភ្នំពេញ