(កំពង់ចាម)៖ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨នេះ បានជួប​សំណេះសំណាលជាមួយកម្លាំងនគរបាលខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម ដែលពិធីនេះ​ត្រូវបានធ្វើឡើងនៅសាលសន្និសីទសាលាខេត្តកំពង់ចាម។

កិច្ចសំណេះសំណាលនេះ មានការចូលរួមពី លោកព្រះរាជអាជ្ញា លោក លោកស្រី គណៈស្នងការ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការសឹករងខេត្ត លោក លោកស្រីប្រធានមន្ទីរជុំវិញខេត្ត លោកអនុប្រធានផែនជំនាញ លោក លោកស្រី នាយ នាយរងការិយាល័យជំនាញ លោក លោកស្រី នាយ នាយរងផ្នែក និងមន្រ្តីចំណុះស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចំនួន៥៥០នាក់ ស្រី ៨៦នាក់ និងកម្លាំងកងរាជអាវុធហត្ថខេត្ត​ចំនួន១០១នាក់។

ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានឡើងរាយការណ៍អំពីសម្ភារ និង​មធ្យោបាយការរៀបចំកម្លាំងអន្តរាគមន៍ ក្នុងដំណើរការការពារឃោសនា និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ។

ជាមួយគ្នានេះ លោក គួច ចំរើន បានថ្លែងនូវការ​កោតសរសើរចំពោះកងម្លាំងទាំងអស់ អំពីផែនការណ៍ ការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ការពារយុទ្ធនាការឃោសនាបោះឆ្នោត របស់គណបក្សនយោបាយនីមួយៗ ​និងត្រៀមការពារដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨​ខាងមុខនេះ។

លោកអភិបាលខេត្តសង្កត់ធ្ងន់ថា កងកម្លាំងទាំងអស់ត្រូវតែការពាររាជរដ្ឋាភិបាលស្របច្បាប់ ហើយសហការ​គាំទ្រគណៈកម្មាធិការរៀបចំការបោះឆ្នោត នីតិកាលទី៦ ដើម្បីឲ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ ​យុត្តិធម៌ព្រមទាំងធានាបាននូវសន្តិសុខសម្រាប់ការបោះឆ្នោត។

លោក គួច ចំរើន បានណែនាំមន្ត្រីដែលចូលរួមឃោសនាបោះឆ្នោតគោរព និងអនុវត្តច្បាប់ នៃការបោះឆ្នោត និងប្រើប្រាស់ទ្រព្យសម្បត្តិរបស់រដ្ឋ ហើយត្រូវគ្រប់គ្រងមន្ត្រីក្រោមឱវាទ ត្រូវគោរពវិន័យរបស់កងកម្លាំង និងមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ, ត្រូវពង្រឹង និងអនុវត្តតួនាទីរបស់ខ្លួនគោរពវិន័យ និងមានសាមគ្គីភាពផ្ទៃក្នុង​ ហើយត្រូវអនុវត្តភារកិច្ចរបស់ខ្លួនបម្រើសេវាជូន​ប្រជាពលរដ្ឋ និងដោះស្រាយសំណូមពរប្រកបដោយប្រសិទ្ធិភាព និងការពេញចិត្ត៕