(ភ្នំពេញ)៖ គិតត្រឹមរយៈពេល៥ខែ ក្នុងឆ្នាំ២០១៨ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវេទិកាការងារនៅតាមមជ្ឈមណ្ឌលការងារ ទាំង១១ខេត្ត របស់ខ្លួនបានចំនួន៣៥លើក ចុះឈ្មោះអ្នកស្វែងរកការងារធ្វើ បានប្រមាណ៦៧១៨នាក់ ក្នុងនោះមានអ្នកទទួលបានការងារធ្វើតាមរយៈ NEA មានចំនួន២៨៣២នាក់។
សម្រាប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ ស្អែកនេះ ក្រុមហ៊ុនធំៗចំនួន១០ ក្នុងនោះមានក្រុមហ៊ុន Smart, ក្រុមហ៊ុន ផាកកាហ្វេ, ក្រុមហ៊ុន Kofy, ក្រុមហ៊ុន Goldphnee, ក្រុមហ៊ុន Godend Fx Link, ក្រុមហ៊ុន CDX, ក្រុមហ៊ុន Metfone, ក្រុមហ៊ុនតែ អៀក ហុង អ៊ិនធើប្រាយ, ក្រុមហ៊ុន Dara Pay, និងក្រុមហ៊ុន ឆ្នោត KPW នឹងសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំវេទិកាការងារ ដោយផ្តល់ឱកាសការងារចំនួន៩១៥កន្លែង។ វេទិកានេះ ធ្វើឡើងនៅទីភ្នាក់ងារជាតិមុខរ និងការងារស្ថិតក្នុងបរិវេណ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ពីម៉ោង៨៖០០ព្រឹក ដល់ម៉ោង៥៖០០ល្ងាច។
គួរបញ្ជាក់ថា ក្នុងរយៈពេលមួយខែ ក្នុងខែមិថុនាឆ្នាំ២០១៨ កន្លងទៅនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារបានរៀបចំវេទិកាការងារ ចំនួនបួនលើក ដែលមានក្រុមហ៊ុនចូលរួម សហការប្រមាណ៣០ក្រុមហ៊ុន និងមានអ្នកចូលរួម ប្រមាណជិត២០០០នាក់ និងមានអ្នកជាប់ការងារទាំងបឋម និងស្ថាពរប្រមាណជិត១ពាន់នាក់។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទ៖ ០១៦ ៧៨ ៦៦ ៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ដោយងាយស្រួល៕