(កណ្តាល)៖ យុវជនម្នាក់ ត្រូវបានស្ទាវ១ក្រុមជិត១០នាក់ ព្រួតដេញកាប់ ខណៈយុវជនរងគ្រោះ ចេញមកពីពិធីបុណ្យបញ្ចុះសីមាវត្តកោះទាវ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម នៅលើផ្លូវលេខជាតិលេខ ២១បេ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ក្នុងភូមិព្រែកគង់ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។
ក្រោយកើតហេតុ នគរបាលស្រុកកោះធំ បានធ្វើការស្រាវជ្រាវតាមឃាត់ខ្លួនបាន៦នាក់ ក្នុងចំណោមបក្ខពួក៩នាក់ រួចក៏បញ្ជូនទៅកាន់តុលាការចាត់ការទៅតាមផ្លូវច្បាប់។ ក្រោយការកាត់ទោសពីតុលាការ ជនសង្ស័យទាំង៦នាក់ ត្រូវបានបញ្ជូនទៅពន្ធនាគារ ប៉ុន្តែជាប់បានតែជិត៤ខែតែប៉ុណ្ណោះ ត្រូវបានតុលាការដោះលែងជនដៃដល់ម្នាក់ ក្នុងចំណោម៦នាក់ឲ្យសេរីភាព។
អ្នកស្រី គីម ស្រ៊ុម ត្រូវជាម្តាយយុវជនរងគ្រោះ បាននិយាយទាំងទឹកភ្នែកថា កូនប្រុសរបស់គាត់បានស្លាប់ ដោយមិនទាន់ទទួលបានសំណងមួយរៀលផង ស្រាប់តែជនដៃដល់ម្នាក់ឈ្មោះ បេង តាំងអេង អាយុ២៨ឆ្នាំ មានទីលំនៅភូមិព្រែកមេស្រុក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ត្រូវបានតុលាការដោះលែងឲ្យមានសេរីភាព។
អ្នកស្រីបានបន្តទៀតថា គាត់បានដាក់ពាក្យបណ្តឹងទាមទារជំងឺចិត្តមិនទាន់បានដោះស្រាយជូនគាត់ផង ស្រាប់តែដោះលែងអ្នកសម្លាប់កូនគាត់បាត់ទៅហើយ តុលាការធ្វើបែបនេះ គឺអយុត្តិធម៌ណាស់សម្រាប់គ្រួសារគាត់ ដែលស្លាប់កូនទាំងមូល ពុំទទួលបានយុត្តិធម៌ បែរជាទទួលបានការឈឺចាប់មកវិញ ពេលដឹងថា អ្នកសម្លាប់កូនគាត់មានត្រូវជាប់ពន្ធនាគារតែ១ដង្ហើមចង្រិត គេមានសេរីភាពបែបនេះនោះ។
អ្នកភូមិក្បាលកោះទាវ បាននិយាយថា គាត់សោកស្តាយពេលលឺថា តុលាការដោះលែងជនដៃដល់ គឺវាលឿនពេក គួរតែដាក់ទោសទណ្ឌឲ្យបានសមរម្យ និងទង្វើរបស់គេបានប្រព្រឹត្តិ មិនគួរណាជាប់ត្រឹមតែជិត៤ខែប៉ុណ្ណោះ ដោះលែងជនដៃដល់ ក្នុងករណីកាប់សម្លាប់មនុស្សដ៏ព្រៃផ្សៃបែបនេះ។
ជនដៃដល់ និងបក្ខពួកទាំង៦នាក់រូមមាន៖ ទី១-ឈ្មោះ គាត សំណាង ហៅឡេង អាយុ១៨ឆ្នាំ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ មុខរបររត់តុការ ជាជនដៃដល់, ទី២-ឈ្មោះ ហោ សោភ័ណ្ឌ(ហៅឡុង)អាយុ១៨ឆ្នាំ មានទីលំនៅភូមិព្រែកប៉ុក ឃុំព្រែកស្ដី ស្រុកកោះធំ មុខរបររត់តុការ ជាអ្នកចូលរួម, ទី៣-ឈ្មោះ ឌី ឌឿន អាយុ២២ឆ្នាំ មានទីលំនៅភូមិពោធិ៍រាម្មា ឃុំព្រែកស្ដី ស្រុកកោះធំ មុខរបរ មិនពិតប្រាកដ, ទី៤-ឈ្មោះ បេង តាំងអេង អាយុ២៨ឆ្នាំ មានទីលំនៅភូមិព្រែកមេស្រុក ឃុំព្រែកស្ដី ស្រុកកោះធំ មុខរបរកាប់ជ្រូកលក់, ទី៥-ឈ្មោះ វ៉ាន់ សំណាង អាយុ១៩ឆ្នាំ មានទីលំនៅភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ មុខរបរកសិករ និងទី៦-ឈ្មោះ យឹម ឌីណា អាយុ១៨ឆ្នាំ ភូមិព្រែកស្តី ឃុំព្រែកស្តី ស្រុកកោះធំ។ ជនរងគ្រោះឈ្មោះ ចេក ភាព អាយុ២០ឆ្នាំ មានទីលំនៅភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកម្មករបើកម៉ូតូលក់ទឹកកក។
សូមបញ្ជាក់ថា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណជា១និង០០នាទី ជនរងគ្រោះបានជិះម៉ូតូ០១គ្រឿង ម៉ាក SUZUKI NEX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1DH-2039 តែម្នាក់ឯង ចេញពីផ្ទះទៅលេងបុណ្យបញ្ចុះខ័ណ្ឌសីមាវត្តកោះទៀវ ស្ថិតនៅភូមិកោះទៀវ(ខ) ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។
លុះនៅវេលាម៉ោងកើតហេតុខាងលើ ខណៈដែលជនរងគ្រោះកំពុងជិះម៉ូតូចេញពីវត្តត្រឡប់មកផ្ទះវិញ ដល់ចំណុចខាងត្បូងស្ពានព្រែកគង់ ចម្ងាយប្រមាណ៥៥ម៉ែត្រ ស្រាប់តែមានជនសង្ស័យពុំស្គាល់ អត្តសញ្ញាណ បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះចំកខាងឆ្វេង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្ដង។
ក្រោយកើតហេតុ ក្រោមការចង្អុលបង្ហាញពីលោកស្នងការខេត្តកណ្តាល កម្លាំងសមត្ថកិច្ច តាមឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់នាំយកមកសាកសួរ។ បើយោងតាមចម្លើយសារភាពរបស់ជនសង្ស័យនោះ ពួកគេធ្លាប់មានគំនុំនិងគ្នា ដោយជនរងគ្រោះធ្លាប់វាយពួកគេ១ខ្សែក្រវ៉ាត់ ទើបពួកគេបានរៀបចំសម្ភារជាដាវសាំម៉ូរ៉ៃ ជិះម៉ូតូតាមស្វែងរកជនរងគ្រោះ លុះប្រទះឃើញក៏កាប់តែម្តងទៅ តែមិនដឹងថា កាប់នោះបណ្តាលឲ្យស្លាប់នោះទេ លុះព្រឹកឡើងទើបដឹងថាស្លាប់។
ក្រោយពីឃាត់ខ្លួន នគរបាលដកហូតវត្ថតាងម៉ូតូចំនួន២គ្រឿង ម៉ាក Honda SL ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ០១គ្រឿង និងម៉ាក Suzuki Nex ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ 1U-5738 ០១គ្រឿង, ដាវចំនួន ០២ដើម កាំបិតចំនួន០២ដើម, ទូរស័ព្ទចល័តចំនួន០៦គ្រឿង។ បច្ចុប្បន្នជនសង្ស័យទាំងអស់ត្រូវឃុំខ្លួន ជាបណ្តោះអាសន្ននៅពន្ធនាគារខេត្តកណ្តាល៕